ក្រុមសកម្មជនមានការខកចិត្តទៅលើលោកស្រីអ៊ុងសានស៊ូជី ដោយសារបំបិទសេរីភាពក្នុងកាបញ្ចេញមតិរបស់ពួកគេ និងបញ្ហាជាមួយក្រុមមូស្លីមរ៉ូហ៊ីងយ៉ា
ភូមា៖ ក្រុមសកម្មជនប្រទេសនេះបាននិយាយថា រដ្ឋាភិបាលស៊ីវិលភូមាបានចាប់ផ្តើមក្លាយទៅជារបបផ្តាច់ការ។ ក្នុងប៉ុន្មានខែថ្មីៗនេះពួកក្រុមសកម្មជនបានធ្វើការតវ៉ាជាច្រើនរួមមានការហែក្បួនប្រឆាំងនឹងសង្គ្រាមនៅក្នុងទីក្រុងយ៉ាំងហ្គោន ហើយក៏ក្រុមអ្នកតវ៉ា១៧នាក់ត្រូវបានចាប់ខ្លួនដោយចោទថាបានធ្វើបាតុកម្មដោយខុសច្បាប់។ ម្នាក់ក្នុងចំនោមក្រុមសកម្មជនប្រឆាំងបានប្រាប់ថា៖ «ដំណោះស្រាយបញ្ហាត្រូវបានហាមឃាត់ ហើយអ្នកតវ៉ាត្រូវចាប់ខ្លួននិងវាយដំ» «គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដែលជាគណបក្សដែលប្រើឈ្មោះលទ្ធិប្រជាធិបតេយ្យ ត្រូវតែគោរពលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ។
យោងទៅតាមអង្គការសម្លេងសេរីភាពបានឱ្យដឹងថាអ្នកកាសែតចំនួន៤៤នាក់ និងសកម្មជនចំនួន១៤២នាក់ បានប្រឈមនឹងការកាត់ទោសចាប់តាំងពីរដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជីបានកាន់ដំណែងមក។ មានសកម្មជនដែលធ្លាប់តែជាអ្នកគាំទ្រផ្កាប់មុខខ្លះពេលនេះបានក្លាយទៅជាអ្នកប្រឆាំងរបស់គាត់វិញដោយសារបញ្ហាបំបិទសេរីភាពក្នុងការបញ្ចេញមតិនេះ។ ចំណែកបញ្ហាក្រុមរ៉ូហ៊ីងយ៉ាវិញលោកស្រីអ៊ុងសានស៊ូជីបានប្រឈមមុខនឹងការរិះគន់ជាច្រើនដោយគាត់មិនមានការការពារដល់ពួកគេ ហើយយោធារបស់ភូមាតែងតែយាយីដល់ពួកគេ ហើយពួកគេគឺគ្មានសិទ្ធិអ្វីទាំងអស់ដោយវាផ្ទុយពីអ្វីដែលលោកស្រីធ្លាប់និយាយថា៖ ក្រុមមូស្លីមរ៉ូហ៊ីងយ៉ា «មានសិទ្ធិទទួលបានការអប់រំ និងសេវាថែទាំសុខភាពដោយគ្មានការរើសអើង»។


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia