ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Zipair បានប្រកាសប្ដូរឡូហ្គោអក្សរ «Z» របស់ខ្លួន ដើម្បីកុំឱ្យមានការយល់ច្រឡំថាខ្លួនគាំទ្ររុស្ស៊ី
- BY
- autoadmin
- June 16, 2022
ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Zipair Tokyo Inc របស់ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងលុបចោលស្លាកសញ្ញារបស់ខ្លួនដែលមានអក្សរ «Z» ដើម្បីជៀសវាងការយល់ច្រឡំ ដោយសារកន្លងមកអក្សរ «Z» គឺជានិមិត្តសញ្ញាគាំទ្រសង្រ្គាម ដែលតែងតែឃើញមាននៅលើរថយន្តយោធារុស្ស៊ី។ ប្រធានក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ Japan Airlines Co បានប្រាប់សន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋាន Narita កាលពីថ្ងៃពុធថា មនុស្សមួយចំនួនអាចយល់ច្រឡំថា យើងគាំទ្រលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយសារតែឡូហ្គោរបស់ក្រុមហ៊ុន។

លោក Shingo Nishida បាននិយាយថា៖«ខ្ញុំគិតថាមនុស្សមួយចំនួនអាចមានអារម្មណ៍បែបនេះ នៅពេលដែលពួកគេឃើញវា ដោយមិនអាចពន្យល់បានឡើយ»។ ក្រុមហ៊ុនបានបន្តថា ឡូហ្គោថ្មីនឹងមានលំនាំធរណីមាត្រជាពណ៌បៃតង ខ្មៅ និងស។ គួរឱ្យដឹងដែរថា Zipair ដែលបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២០ គឺជាក្រុមហ៊ុន LCC ឯកទេសជើងហោះហើរអន្តរជាតិ គ្រោងនឹងចាប់ផ្តើមផ្លូវទីប្រាំមួយរបស់ខ្លួនទៅកាន់ទីក្រុង San Jose រដ្ឋ California ក្នុងខែធ្នូ។ ឡូហ្គោថ្មីនឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃសៅរ៍ ហើយអក្សរ Z នៅលើកន្ទុយរបស់យន្ដហោះ B-787s នឹងត្រូវលាបពណ៌លុបចេញ៕



អត្ថបទ៖ លីដា
ប្រភព៖ Japan Today
- Share This Post:






