របបយោធាមីយ៉ាន់ម៉ា មានបំណងអនុវត្តការកាត់ទោសប្រ.ហារជីវិត បន្ទាប់ពីបានកាត់ទោសបែបនេះលើមនុស្សចំនួន ៤នាក់ កាលពីដើមខែ
- BY
- autoadmin
- June 17, 2022
របបយោធាមីយ៉ាន់ម៉ា បានអះអាងជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានបំណងអនុវត្តការកាត់ទោសប្រហារជីវិត ទៅកាន់មនុស្សចំនួន ៤នាក់ ដែលខ្លួនសម្រេចកាត់ទោសប្រហារជីវិត កាលពីដើមខែនេះ។ ម្នាក់ក្នុងចំណោមអ្នកទាំង ៤ គឺជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជាអតីតសមាជិកសភាជាមួយគណបក្ស ដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។ ការកាត់ទោសនេះត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត។ ឥឡូវនេះ មិនទាន់មានកាលបរិច្ឆេទនៃការប្រហារជីវិតត្រូវបានគេប្រកាសនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាគ្រប់គ្រងយោធា បានព្យាយាមលើកឡើងពីភាពត្រឹមត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន ចំពេលមានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ។

អ្នកនាំពាក្យក្រុមប្រឹក្សាគ្រប់គ្រងយោធាបានអះអាងថា ការញុះញង់របស់ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ «បានបណ្តាលឱ្យមនុស្សស្លូតត្រង់ចំនួន ៥០ នាក់ ត្រូវបានគេសម្លាប់» ដោយបន្ថែមថា មីយ៉ាន់ម៉ាមានឯករាជ្យ និងមានអំណាចលើដែនសមត្ថកិច្ចរបស់ខ្លួន។ គួរឱ្យដឹងដែរថា ប្រទេសមីយ៉ាន់ម៉ាមានភាពចលាចលចាប់តាំងពីយោធា ដណ្តើមបានការគ្រប់គ្រងក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន។ ក្រុមសិទ្ធិមនុស្សក្នុងស្រុកនិយាយថា មនុស្សជាង ១,៩០០ នាក់ បានស្លាប់ ខណៈដែលរបបយោធាបានបង្ក្រាបការតវ៉ា បន្ទាប់ពីរដ្ឋប្រហារជាបន្ដបន្ទាប់។ ជាមួយគ្នានេះដែរ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យប្រដាប់អាវុធដែលប្រឆាំងនឹងយោធា ក៏បានប្តេជ្ញាដែរថា នឹងសងសឹកប្រសិនបើការប្រហារជីវិតត្រូវបានអនុវត្ត ដែលវាបានបង្កើនការភ័យខ្លាចថា ប្រទេសនេះអាចនឹងធ្លាក់ចូលក្នុងភាពចលាចល៕

អត្ថបទ៖ លីដា
- Share This Post:






