អន្តរជាតិ

ក្រុមហ៊ុន Boring Company របស់លោក Elon Musk នឹងសាងសង់ផ្លូវរូងក្រោមដីប្រវែង ៥៥ គីឡូម៉ែត្រ នៅពីក្រោមទីក្រុង Las Vegas

BY
autoadmin
June 17, 2022

ក្រុមហ៊ុន Boring Company ដែលបង្កើតឡើងដោយ Elon Musk ទើបតែទទួលបានការយល់ព្រមពីទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក ដើម្បីពង្រីកប្រព័ន្ធដឹកជញ្ជូនក្រោមដីរបស់ខ្លួនដែលមានឈ្មោះថា «Vegas Loop» ។ ជម្រាបដែរថា នៅពេលដែលគណកម្មការ Clark County បានអនុម័តជាលើកដំបូងលើ Vegas Loop វាត្រូវបានសន្មត់ថា ជាបណ្តាញផ្លូវរូងក្រោមដីប្រវែង ២៩ ម៉ាយ ឬប្រមាណ ៤៦ គីឡូម៉ែត្រ ដែលតភ្ជាប់ស្ថានីយចំនួន ៥១ នៅក្នុងទីក្រុង។ ឥឡូវនេះ បណ្តាញនេះនឹងលាតសន្ធឹងចម្ងាយ ៣៤ ម៉ាយ ឬ ៥៥ គីឡូម៉ែត្រ ខណៈនឹងមានស្ថានីយ៍សរុបមានចំនួន ៥៥ រួមទាំងស្ថានីយដែលនឹងបម្រើដល់អាកាសយានដ្ឋានអន្តរជាតិ Harry Reid និងកីឡដ្ឋាន Allegiant ។

បើយោងតាម ​​Las Vegas Review-Journal ប្រធានក្រុមហ៊ុន Boring Co., គឹលោក Steve Davis បាននិយាយថា៖ «នេះគឺជាជំហានទី២ របស់យើង ហើយយើងមាន ៨ជំហាន ផ្សេងទៀតដើម្បីចាប់ផ្ដើមវាបាន។ មានផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ និង ការងារជាច្រើនដែលត្រូវធ្វើ។ ប៉ុន្តែប្រសិនបើតាមខ្ញុំទាយទុក ខ្ញុំគិតថាយើងនឹងមានយានយន្ដនៅក្នុង (ផ្លូវក្រោមដី) នៅឆ្នាំក្រោយ»។ ស្ថានីយ៍របស់ Vegas Loop នៅកណ្ដាលទីក្រុង Las Vegas នឹងមាននៅសណ្ឋាគារ Strat, ផ្លូវ Fremont Street Experience, តំបន់ហ្គេម Slotzilla, Garage Mahal នៅ Circa Resort និង Plaza Hotel ។ ក្រុមហ៊ុន Boring Company ក៏អាចបន្ថែមស្ថានីយ៍ផ្សេងទៀតនាពេលអនាគតផងដែរ ដោយនីមួយៗត្រូវចំណាយប្រាក់ចន្លោះពី ១.៥ ទៅ ២០ លានដុល្លារ ដើម្បីសាងសង់៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: