ប្រទេសថៃនឹងផលិតស្ព្រៃយ៍អង់ទីក័រ សម្រាប់បាញ់តាមច្រមុះប្រឆាំងនឹងជំងឺកូវីដ-១៩ នៅត្រីមាសទី៣ ក្នុងឆ្នាំនេះ
- BY
- autoadmin
- June 17, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អង្គការឱសថរដ្ឋាភិបាលរបស់ថៃ (GPO) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតវ៉ាក់សាំងអង់ទីក័រប្រភេទស្ព្រៃយ៍បាញ់តាមច្រមុះ សម្រាប់បង្ការជំងឺ COVID-19 នៅត្រីមាសទី៣ ក្នុងឆ្នាំនេះ។ នាយក GPO លោក Rangsee Padlee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានវ៉ាក់សាំងបង្ការរបស់ GPO ក្រោមនាយកដ្ឋានផលិតផលជីវសាស្រ្ត បានទទួលវិញ្ញាបនបត្រ ចុះបញ្ជីនៅថ្ងៃទី០៦ ខែមិថុនា ដែលនឹងអាចអនុញ្ញាតឱ្យស្ព្រៃយ៍ IgG1 Anti-SARS-CoV-2 ផលិតបាននៅឆ្នាំនេះ។

ស្ព្រៃយ៍បាញ់តាមច្រមុះរបស់ GPO ត្រូវបានណែនាំជាលើកដំបូងសម្រាប់ការសាកល្បងនៅក្នុងខែកុម្ភៈ ដោយសហការជាមួយសាកលវិទ្យាល័យ Chulalongkorn, សាកលវិទ្យាល័យ Silpakorn, វិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធសុខភាព និងក្រុមហ៊ុន High Bioscience Ltd។ បច្ចុប្បន្នវ៉ាក់សាំងប្រភេទនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងព្យាបាលចុងក្រោយរបស់ខ្លួន ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិមហារីករបស់ប្រទេសថៃ។ អង្គការ GPO មុននេះ ក៏ទើបទទួលបានការបើកផ្លូវ ដោយរដ្ឋបាលចំណីអាហារ និងឱសថថៃផងដែរ។
លោក Rangsee បាននិយាយថា៖«យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូនប្រជាជននូវជម្រើសមួយផ្សេងទៀត ក្នុងការទប់ស្កាត់ជំងឺ COVID-19 ដែលនឹងជួយប្រទេសថៃយកឈ្នះលើជំងឺរាតត្បាតប្រកបដោយនិរន្តរភាព។ លើសពីនេះ វិញ្ញាបនបត្រ ISO ដែលយើងទទួលបាននឹងត្រួសត្រាយផ្លូវសម្រាប់ការស្រាវជ្រាវនាពេលអនាគត និងការផលិតថ្នាំថ្មីសម្រាប់ព្យាបាលជំងឺទាក់ទងនឹងផ្លូវដង្ហើម»៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






