មន្ត្រីចារកម្មរបស់រុស្ស៊ីម្នាក់បានបន្លំខ្លួនជាជនជាតិប្រស៊ីល ហើយព្យាយាមចូលធ្វើការនៅនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្នុងនាមជាបុគ្គលិកហាត់ការ
អាជ្ញាធរនៃប្រទេសហូឡង់បាននិយាយថា ពួកគេបានរារាំងមន្ត្រីចារកម្មរបស់រុស្ស៊ី ពីការព្យាយាមចូលធ្វើការនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ខណៈ ICC កំពុងស៊ើបអង្កេតលើការចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» របស់រុស្ស៊ីនៅអ៊ុយក្រែន។ សេវាស៊ើបការណ៍សម្ងាត់របស់ហូឡង់ (AIVD) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បុរសនោះមានឈ្មោះថា Sergey Vladimirovich Cherkasov មានអាយុ ៣៦ឆ្នាំ ហើយបានមកដល់ប្រទេសហូឡង់ក្នុងខែមេសា ដោយប្រើប្រាស់អត្តសញ្ញាណមិនពិត ដែលមានឈ្មោះថា Viktor Muller Ferreira ជាជនជាតិប្រេស៊ីល ដែលមានអាយុ ៣៣ឆ្នាំ។

អាជ្ញាធរហូឡង់បាននិយាយថា បុរសរូបនោះបានដាក់ពាក្យចូលបម្រើការងារនៅ ICC ក្នុងនាមជាអ្នកហាត់ការ ហើយបានធ្វើដំណើរមកប្រទេសហូឡង់ក្នុងខែមេសា ដើម្បីចាប់ផ្តើមការងាររបស់គាត់ ប៉ុន្តែក៏ត្រូវបានអាជ្ញាធរកំណត់មុខសញ្ញាបានភ្លាមៗផងដែរ។ លោក Cherkasov ត្រូវបានអាជ្ញាធរហូឡង់បដិសេធមិនឱ្យចូលប្រទេសនេះបានឡើយ ហើយត្រូវបាននិរទេសទៅប្រទេសប្រេស៊ីលវិញភ្លាមនៅជើងហោះហើរបន្ទាប់។ ឥឡូវនេះ ប៉ូលីសសហព័ន្ធរបស់ប្រទេសប្រេស៊ីលបាននិយាយថា លោក Cherkasov ត្រូវបានចាប់ខ្លួន ហើយកំពុងត្រូវបានកាត់ទោសពីបទប្រើប្រាស់ឯកសារមិនពិត។ គួរឱ្យដឹងដែរថា លោក Cherkasov គឺជាភ្នាក់ងារយោធារុស្ស៊ី GRU ហើយវាពិតជាមានប្រយោជន៍សម្រាប់រុស្ស៊ីខ្លាំងណាស់ ប្រសិនបើគាត់អាចចូល ឬដំណើការណាមួយជាមួយ ICC បាន៕

