អន្តរជាតិ

ចិនបានចេញផ្សាយរបាយការណ៍មួយដោយចៃដន្យថា បានរកឃើញរលកសញ្ញារបស់ពួកក្រៅភព ក្រោយមកក៏លុបវាចោលវិញ

BY
autoadmin
June 18, 2022

គេហទំព័រព័ត៌មានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រចាំថ្ងៃ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន បានបង្ហាញ របាយការណ៍​មួយដែល​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​បាន​បញ្ជាក់​ថា​ តេឡេស្កូប Sky Eye របស់ចិន អាចរកឃើញសញ្ញានៃជីវិតក្រៅភព ប៉ុន្តែក្រោយមកបានលុបរបាយការណ៍នេះវិញ។

របាយការណ៍​នេះ បានដកស្រង់ចេញពីបទសម្ភាសន៍ជាមួយលោក Zhang Tong-Zye ប្រធានក្រុមស្រាវជ្រាវអារ្យធម៌ក្រៅភព ដោយលទ្ធផលបានមកពីកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ Peking Normal សាលតារាសាស្ត្រជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺកលី ថា សញ្ញាអេឡិចត្រូម៉ាញ៉េទិចដែលថតដោយតេឡេស្កូប Sky Eye ខុសពីសញ្ញាមុនៗ ដែលមិនធ្លាប់ត្រូវបានរកឃើញ។ លោក Zhang បាន​និយាយ​ថា បើ​វា​មិន​មែន​ជា​សញ្ញា​ក្រៅ​ភព​ទេ​ វាអាចជាសញ្ញារំខាន ដែលត្រូវតែពិនិត្យបន្ថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់ទេថាហេតុអ្វីបានជារបាយការណ៍ត្រូវបានដកចេញពីគេហទំព័រ ចំណែកការលុបចេញនូវព័ត៌មានខាងលើបានទទួលការចែករំលែកតៗគ្នាជាច្រើននៅតាមបណ្តាសង្គមនិងទាំងលើអ៉ីនធឺណិតនៅក្នុងប្រទេសចិន ហើយក្រោយមកត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលចិនផ្សេងទៀតទៅវិញ។

ចំណែកកាមេរ៉ាទូរទស្សន៍ Sky Eye មានទីតាំងនៅខេត្ត Guizhou ប្រទេសចិន វាមានអង្កត់ផ្ចិត ៥០០ម៉ែត្រ ហើយត្រូវបានបើកជាផ្លូវការ ដើម្បីស្វែងរកជីវិតក្រៅភពក្នុងខែកញ្ញា ឆ្នាំ២០២០។ លោក Zhang បាននិយាយនៅក្នុងរបាយការណ៍នោះថា« ក្រុមការងារបានរកឃើញសញ្ញាគួរឱ្យសង្ស័យពីដំបូងក្នុងឆ្នាំ២០២០ ខណៈពេលដែលកំពុងដំណើរការទិន្នន័យដែលប្រមូលបានពេញមួយឆ្នាំ២០១៩ ហើយក៏មានសញ្ញាគួរឱ្យសង្ស័យមួយផ្សេងទៀតត្រូវបានរកឃើញនៅឆ្នាំ២០២២ ពីការសង្កេតលើគោលដៅក្រៅភព៕

អត្ថបទ៖ Bee

ប្រភព៖ hindustantimes

Share This Post: