អន្តរជាតិ

អ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវវិធីព្យាបាលដ៏មានប្រសិទ្ធភាពមួយ ដោយការចាក់ថ្នាំតែមួយម្ជុល អាចកម្ចាត់មេរោគអេដស៍បានជាដាច់ស្រឡះ

BY
autoadmin
June 20, 2022

ទោះបីជាយើងមិនទាន់មានការព្យាបាលឱ្យជាដាច់ សម្រាប់មេរោគអេដស៍ និងជំងឺអេដស៍ក៏ដោយ (HIV/AIDS) ក៏នៅមានវិធីព្យាបាលដ៏មានប្រសិទ្ធភាពមួយចំនួន ដែលបានធ្វើឱ្យជីវិតរបស់អ្នកជំងឺជាច្រើនមានភាពប្រសើរឡើង។ ការព្យាបាលសំខាន់សម្រាប់មេរោគអេដស៍គឺ ការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ ដែលពាក់ព័ន្ធនឹងការប្រើថ្នាំផ្សំជារៀងរាល់ថ្ងៃ ដើម្បីបញ្ឈប់មេរោគពីការបន្តពូជបន្ថែមទៀត។ ថ្នាំទាំងនេះមិនអាចព្យាបាលមេរោគអេដស៍ឱ្យជាដាច់បានទេ ប៉ុន្តែជួយអ្នកជំងឺឱ្យរស់នៅបានយូរ និងមានសុខភាពល្អជាងមុន។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញសុខភាពនៅជុំវិញពិភពលោក នៅតែបន្ដធ្វើការលើការស្វែងរកការព្យាបាលតែមួយដងឱ្យជាដាច់ ឬការព្យាបាលជាអចិន្ត្រៃយ៍ សម្រាប់មេរោគអេដស៍/ជំងឺអេដស៍ ហើយវាក៏នៅមិនឆ្ងាយពីការធ្វើឱ្យវាក្លាយជាការពិតនោះដែរ។

ជាក់ស្ដែងការស្រាវជ្រាវថ្មីមួយ ដែលដឹកនាំដោយលោកបណ្ឌិត Adi Barzel និងបណ្ឌិត PhD លោក Alessio Nehmad មកពីសាកលវិទ្យាល័យ Tel Aviv របស់ប្រទេសអ៉ីស្រាអែល និងត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Nature បានបង្ហាញថា ពួកគេបានបង្កើតវិធីសាស្រ្តព្យាបាលថ្មី និងពិសេសមួយ ដែលវាអាចឈានទៅរកការបង្កើតវ៉ាក់សាំង ឬការព្យាបាលតែមួយដងឱ្យជាដាច់ សម្រាប់មេរោគអេដស៍/ជំងឺអេដស៍។ បច្ចេកទេសថ្មីនេះ ប្រើប្រាស់កោសិកាឈាមសប្រភេទ B (B lymphocytes) ដែលនឹងត្រូវបានកែច្នៃហ្សែននៅក្នុងខ្លួនរបស់អ្នកជំងឺ ដើម្បីបញ្ចេញអង្គបដិប្រាណប្រឆាំងនឹងមេរោគអេដស៍។ ជម្រាបដែរថា កោសិកា B ទទួលខុសត្រូវក្នុងការបង្កើតអង្គបដិប្រាណប្រឆាំងនឹងមេរោគ បាក់តេរី និងច្រើនទៀត។ ពួកវាត្រូវបានបង្កើតឡើងនៅក្នុងខួរឆ្អឹង ហើយនៅពេលដែលពួកវាពេញវ័យ វាផ្លាស់ទីទៅក្នុងឈាម និងប្រព័ន្ធឡាំហ្វាទិច (lymphatic) និងពីទីនោះទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។

យោងតាមលោកវេជ្ជបណ្ឌិត Barzel បានឱ្យដឹងថា៖«នៅពេលដែលកោសិកា B ដែលបានកែច្នៃរួចប៉ះទៅនឹងមេរោគ នោះវានឹងជួយដាស់មេរោគ និងលើកទឹកចិត្តឱ្យពួកវាបំបែកខ្លួន ដូច្នេះយើងកំពុងប្រើប្រាស់មូលហេតុនៃជំងឺនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ លើសពីនេះ ប្រសិនបើមេរោគផ្លាស់ប្តូរ កោសិកា B ក៏នឹងផ្លាស់ប្តូរទៅតាមនោះដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ដូច្នេះយើងបានបង្កើតថ្នាំដំបូងគេដែលមិនធ្លាប់មានពីមុន ដែលអាចវិវឌ្ឍក្នុងខ្លួន និងកម្ចាត់មេរោគបាន»។ លោកវេជ្ជបណ្ឌិត Barzel ជឿជាក់ថា ការព្យាបាលប្រកបដោយភាពច្នៃប្រតិដ្ឋរបស់ពួកគេ ដែលអាចកម្ចាត់មេរោគដោយការចាក់ម្តង អាចនាំមកនូវភាពប្រសើរឡើងយ៉ាងខ្លាំងចំពោះស្ថានភាពអ្នកជំងឺ។ ដោយប្រើបច្ចេកទេសថ្មីនេះ អ្នកស្រាវជ្រាវរំពឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ពួកគេនឹងអាចផលិតការព្យាបាលប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត សម្រាប់ជំងឺឆ្លងផ្សេងៗ និងសម្រាប់ប្រភេទមហារីកមួយចំនួន ដែលបណ្តាលមកពីវីរុស ដូចជាមហារីកមាត់ស្បូន មហារីកក្បាល និងក និងច្រើនទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Maxi Science

Share This Post: