អន្តរជាតិ

កូនស្រីរបស់លោក Rodrigo Duterte បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីនម្សិលមិញនេះ

BY
autoadmin
June 20, 2022

កូនស្រី​របស់​ប្រធានាធិបតីជិតផុត​អាណត្តិលោក Rodrigo Duterte បានប្ដេជ្ញាចិត្តថា​ គាត់​នឹង​ដោះស្រាយ​បញ្ហា​គ្រឿងញៀនក្នុង​នាម​ជា​អនុប្រធានាធិបតី ដោយ​ការប្រកាសនេះបានបង្កើន​ការ​ព្រួយ​បារម្ភ​ថា ​គាត់​អាច​នឹង​ដើរតាមគន្លង​របស់​ឪពុក​របស់គាត់ ទៅ​លើ​ការបង្ក្រាបគ្រឿងញៀន​ខុសច្បាប់។ លោស្រី Sara Duterte បានធ្វើសច្ចាប្រណិធានកាលពីថ្ងៃអាទិត្យ នៅឯពិធីមួយក្នុងទីក្រុង Davao ភាគខាងត្បូង របស់ប្រទេសហ្វីលីពីន។ ពិធីនេះត្រូវបានចូលរួមដោយឪពុករបស់គាត់ គឺលោក Rodrigo Duterte និងប្រធានាធិបតីជាប់ឆ្នោត គឺលោក Ferdinand Marcos Jr. ក៏ដូចជាឪពុករបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក Ferdinand Marcos ដែលធ្លាប់ជាកំពូលមេដឹកនាំផ្ដាច់ការបំផុតរបស់ហ្វីលីពីន។

លោកស្រី Sara Duterte ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតី ដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ លោកស្រី និងលោក Marcos នឹងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ។ គាត់​បាន​និយាយ​ថា កុមារ​កំពុង​ប្រឈម​មុខ​នឹង​អនាគត​ដ៏​ស្មុគស្មាញ ដែល​ជា​ការ​បំផ្លិចបំផ្លាញ​ដោយ​សារគ្រឿងញៀន។ វិធីសាស្រ្តប្រើធម៌ក្ដៅរបស់ឪពុកលោកស្រី ត្រូវបានគេនិយាយថា បានចូលរួមជួយកែលម្អសន្តិសុខនៅក្នុងប្រទេសហ្វីលីពីន។ ក៏ប៉ុន្តែ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​កំពុង​ស៊ើបអង្កេត​លើលោក Rodrigo Duterte ក្រោមបទ «ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​អាច​កើត​មាន» ដោយសារលោក​ Duterte បាន​អនុញ្ញាត​ឱ្យ​ប៉ូលិស​សម្លាប់​ជនសង្ស័យ​គ្រឿងញៀន។

ក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន កំពុងសម្តែងការព្រួយបារម្ភអំពីថា តើអនុប្រធានាធិបតីថ្មីនឹងបន្តយុទ្ធនាការប្រឆាំងគ្រឿងញៀនដូចឪពុករបស់គាត់ និងថាតើតំណែងរបស់គាត់អាចប៉ះពាល់ដល់ការស៊ើបអង្កេតរបស់ ICC ដែរ ឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: