កូរ៉េខាងជើងបានបញ្ជូនក្រុមគ្រូពេទ្យ និងអ្នកស៊ើបអង្កេតរោគរាតត្បាតទៅខេត្ត South Hwanghae ខណៈបានហៅការផ្ទុះឡើងនៃជំងឺក្រពះពោះវៀនថ្មីនេះថាជា «ជំងឺរាតត្បាតក្នុងស្រុកធ្ងន់ធ្ងរ»
- BY
- autoadmin
- June 20, 2022
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនក្រុមគ្រូពេទ្យ និងអ្នកស៊ើបអង្កេតរោគរាតត្បាត ទៅកាន់ខេត្តមួយ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺក្រពះពោះវៀនម៉្យាង (acute enteric) ហើយក៏បានសង្ស័យថា វាអាចជាជំងឺអាសន្នរោគទៀតផង។ យ៉ាងហោចណាស់ ពលរដ្ឋចំនួន ៨០០ គ្រួសារ បានរងគ្រោះជាមួយនឹងជំងឺនេះ នៅក្នុងខេត្ត South Hwanghae ខណៈប្រទេសកូរ៉េខាងជើងផ្ទាល់បានហៅវាថាជា «ជំងឺរាតត្បាតក្នុងស្រុកធ្ងន់ធ្ងរ» នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ការរាតត្បាតថ្មី ដែលត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានដាក់ភាពតានតឹងបន្ថែមទៀតលើប្រទេសដ៏ឯកោមួយនេះ ខណៈប្រទេសនេះប្រឈមនឹងការខ្វះខាតអាហាររ៉ាំរ៉ៃ និងរលកនៃការឆ្លងជំងឺ COVID-19 ។ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរៀបរាប់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងបង្ការ រួមទាំងការដាក់ឱ្យនៅដាច់ពីគេ «ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នករស់នៅទាំងអស់» ការព្យាបាលពិសេស និងការត្រួតពិនិត្យលើជនងាយរងគ្រោះ ដូចជាកុមារ និងមនុស្សចាស់ជាដើម។
របាយការណ៍បានបន្តថា ការងារសម្លាប់មេរោគកំពុងត្រូវបានអនុវត្ត រួមទាំងតាមបណ្ដាញទឹកសំអុយ និងកាកសំណល់ផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពដល់ទឹកសម្រាប់ផឹក និងទឹកក្នុងផ្ទះ។ KCNA ក៏បានរាយការណ៍អំពីករណីគ្រុនក្តៅថ្មីចំនួន ១៩,៣១០ ករណី ផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដោយមិនបានបញ្ជាក់លម្អិតថា តើអ្នកជំងឺទាំងនោះប៉ុន្មាននាក់បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 នោះទេ។ សរុបមក មានពលរដ្ឋជាង ៤.៦ លាននាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 ដែលត្រូវបានទទួលស្គាល់ជាលើកដំបូងនៅពាក់កណ្តាលខែឧសភា៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






