សមាជិកព្រឹទ្ធសភាអាមេរិកបានអំពាវនាវឱ្យមានការប្រើប្រាស់ខ្សែសាកស្ដង់ដារ USB-C សម្រាប់ឧបករណ៍អេឡិចត្រូនិកទាំងអស់
- BY
- autoadmin
- June 21, 2022
កាលពីសប្តាហ៍កន្លងទៅ សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងតម្រូវឱ្យក្រុមហ៊ុនផលិតផលអេឡិចត្រូនិកទាំងឡាយ ដែលនាំយកផលិតផលរបស់ខ្លួនទៅតំបន់អឺរ៉ុប ត្រូវប្ដូរមកប្រើប្រាស់ខ្សែសាកថ្មស្ដង់ដារធម្មតា ជាពិសេសគឺ USB-C នៅត្រឹមឆ្នាំ២០២៤ នេះបើតាមការចុះផ្សាយដោយ Tech Crunch ។ ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យចំនួន ៣រូប បានផ្ញើលិខិតបើកចំហមួយ ទៅកាន់លេខាធិការពាណិជ្ជកម្មលោកស្រី Gina Raimondo ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកធ្វើតាមលំនាំនេះ។

លិខិតដែលចុះហត្ថលេខាដោយលោក Bernie Sanders នៃរដ្ឋ Vermont និងលោកស្រី Elizabeth Warren និងលោក Ed Markey នៃរដ្ឋ Massachusetts បានកត់សម្គាល់ការខកចិត្តរបស់អ្នកប្រើប្រាស់ ការចំណាយថវិកា និងការឡើងថ្លៃកាកសំណល់អេឡិចត្រូនិច ដោយសារការរីកសាយនៃខ្សែសាកប្រភេទផ្សេងៗគ្នា។ លិខិតនេះដកស្រង់ជាពិសេសតួលេខពីសហភាពអឺរ៉ុប ដោយកត់សម្គាល់ថា ត្រឹមតែឧបករណ៍សាកថ្មតែមួយមុខ មានកាកសំណល់អេឡិចត្រូនិកប្រហែល ១១,០០០ តោនក្នុងមួយឆ្នាំៗ។
ជាការពិតណាស់ USB-C ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ដោយក្រុមហ៊ុនផលិតមួយចំនួនធំ នៅទូទាំងឧស្សាហកម្មនេះ។ ប៉ុន្តែវានៅតែមានក្រុមហ៊ុនមួយចំនួន ដែលបន្តប្រើប្រាស់ស្តង់ដារចាស់ដូចជា micro-USB ឬពឹងផ្អែកលើខ្សែសាកផ្ដាចមុខរបស់ពួកគេ។ ជាក់ស្ដែងដូចជា Apple គឺនៅតែប្រើខ្សែសាក Lightning ចំពោះស្មាតហ្វូន iPhone របស់ខ្លួន បើទោះជាក្រុមហ៊ុនបានធ្វើការកែតម្រូវសម្រាប់ឧបករណ៍ MacBook និង iPad រួចហើយក៏ដោយ។ យ៉ាងណាក៏ដោយ ក៏មានពាក្យចចាមអារ៉ាមបាននិយាយថា Apple កំពុងសាកល្បងខ្សែសាក USB-C សម្រាប់ស្មាតហ្វូនរបស់ខ្លួន ហើយ iPhone 14 ប្រភេទ Pro ទំនងជានឹងមកជាមួយនឹងខ្សែសាក USB-C នៅឆ្នាំក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Tech Crunch
- Share This Post:






