ប្រធានអង្គការណាតូបានព្រមានថា សង្គ្រាមនៅអ៊ុយក្រែនអាចនឹងត្រូវអូសបន្លាយរាប់ឆ្នាំ
- BY
- autoadmin
- June 21, 2022
ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានអំពាវនាវឱ្យមានការជួយដល់អ៊ុយក្រែនក្នុងរយៈពេលវែង ដោយបានលើកឡើងថា សង្គ្រាមអាចអូសបន្លាយច្រើនឆ្នាំទៀត។ អគ្គលេខាធិការលោក Jens Stoltenberg បានធ្វើការព្យាករណ៍បែបនេះនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យនៅក្នុងកាសែត Bild របស់ប្រទេសអាល្លឺម៉ង់ ដោយបាននិយាយថា «យើងត្រូវរៀបចំសម្រាប់ការពិតដែលថា វា [សង្គ្រាម] អាចចំណាយពេលច្រើនឆ្នាំ»។
![]()
លោកបានបន្ថែមថា៖«យើងមិនត្រូវបោះបង់ចោលការគាំទ្រអ៊ុយក្រែននោះទេ បើទោះបីជាការចំណាយខ្ពស់ មិនត្រឹមតែសម្រាប់ការគាំទ្រផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែការកើនឡើងនៃថាមពល និងតម្លៃអាហារផងដែរ»។ ប៉ុន្តែលោក Stoltenberg ក៏បានច្រានចោលនូវលទ្ធភាពដែលថា ណាតូនឹងបញ្ជូនទាហានដោយផ្ទាល់ទៅកាន់អ៊ុយក្រែន។ លោកបាននិយាយថា ណាតូបាននិងកំពុងបង្កើនសមត្ថភាពយោធា ដើម្បីការពារដែនគោក សមុទ្រ និងផ្លូវអាកាសរបស់ប្រទេសសមាជិក។ លោកបានទទូចថា ណាតូកំពុងផ្ញើសារច្បាស់លាស់មួយទៅរុស្ស៊ី ដើម្បីកុំឱ្យក្រុងម៉ូស្គូយល់ខុសពីជំហររបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






