អន្តរជាតិ

លោក ប្រាយុទ្ធ ចាន់អូចា បានទទូចថា រដ្ឋាភិបាលថៃនៅមិនទាន់អាចដកក្រឹត្យគ្រាអាសន្នចេញបានទេ

BY
autoadmin
June 21, 2022

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ បានទទូចថា រដ្ឋាភិបាលរបស់លោកមិនទាន់អាចលុបចោលក្រឹត្យស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្នជុំវិញបញ្ហាជំងឺ COVID-19 នៅឡើយទេ ដោយសារនៅតែមានការព្រួយបារម្ភថា ក្រឹត្យពិសេសនេះនៅតែត្រូវការចាំបាច់ ទោះបីជាមានការបន្ធូរបន្ថយការរឹតបន្តឹងជាបន្តបន្ទាប់ក៏ដោយ ហើយគណៈរដ្ឋមន្ត្រីនឹងវាយតម្លៃស្ថានភាពជំងឺ COVID-19 ឡើងវិញ នៅពេលដែលពេលវេលាសមស្រប នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍

ការកត់សម្គាល់របស់លោក ប្រាយុទ្ធ បានធ្វើឡើងបន្ទាប់ពីសមាជិកសភារបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) លោក Rangsiman Rome បានជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការបន្តក្រឹត្យគ្រាអាសន្ន ដែលត្រូវបានពន្យារពេលរហូតដល់ទៅ ១៨ដង ក្នុងរយៈពេល ២ឆ្នាំ មួយនេះ។ លោក Rangsiman បានទាមទារឱ្យរដ្ឋាភិបាលលុបចោលក្រឹត្យនេះ ដោយលោកបានអះអាងថា វាត្រូវបានប្រើដើម្បីចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ជាជាងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។

នាយករដ្ឋមន្ត្រីថៃបាននិយាយថា ក្រិត្យគ្រាអាសន្នត្រូវបានដាក់ចេញ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ហើយច្បាប់ពិសេសនេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជួយសម្រេចបាននូវគោលដៅនោះ។ លោក​ថា រដ្ឋាភិបាល​នឹង​ត្រូវ​ពិនិត្យ​មើល​ស្ថានភាព​ជំងឺ COVID-19 សាជាថ្មី ហើយ​សម្រេច​ថា​ តើ​ក្រឹត្យ​បន្ទាន់​នៅ​តែ​ចាំបាច់​ ឬ​អត់។ លោក​បាន​បន្ត​ថា ប្រសិន​បើ​ក្រឹត្យ​គ្រាអាសន្ន​ត្រូវ​បាន​គេ​ដកចេញ រដ្ឋាភិបាល​នឹង​នៅមាន​តែ​ច្បាប់​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: