ពលរដ្ឋរាប់សែននាក់ត្រូវបានជម្លៀសចេញនៅក្នុងប្រទេសចិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមក
- BY
- autoadmin
- June 21, 2022
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានជាច្រើនទស្សវត្សរ៍ បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី នៅភាគខាងត្បូងប្រទេសចិន ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សែននាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ជំនន់ទឹកភ្លៀងបានហូរចូលទៅទន្លេគុជ (Pearl River) ក្នុងកម្រិតគ្រោះថ្នាក់នាពេលថ្មីៗនេះ ដោយបានគំរាមកំហែងដល់ការផលិត ការដឹកជញ្ជូន និងប្រតិបត្តិការដឹកជញ្ជូន នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានតានតឹងរួចស្រាប់ទៅហើយ ដោយសារតែការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់ប្រទេសចិន ពាក់ព័ន្ធនឹងជំងឺ COVID-19។

ទឹកភ្លៀងជាមធ្យមនៅក្នុងខេត្ត Guangdong, Fujian និង Guangxi នៅចន្លោះដើមខែឧសភា និងពាក់កណ្តាលខែមិថុនា បានឈានដល់ ៦២១ មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៦១ នេះបើយោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន។ អាជ្ញាធរខេត្តក្វាងទុង (Guangdong) កាលពីថ្ងៃចន្ទ ទី២០ ខែមិថុនា ក៏បានឱ្យដឹងដែរថា មានមនុស្សជាង ២០០,០០០ នាក់ ត្រូវបានជម្លៀសចេញក្នុងអំឡុងពេលនៃគ្រោះមហន្តរាយនេះ ហើយការខូចខាតគិតមកដល់ពេលនេះត្រូវបានគេប៉ាន់ស្មានថា មានចំនួន ២៥៤ លានដុល្លារ។ យោងតាមក្រុមមន្ត្រីបានឱ្យដឹងថា អ្នកជម្លៀសគឺស្ថិតក្នុងចំណោមមនុស្សជិត ៤៨០,០០០ នាក់ ដែលរងផលប៉ះពាល់ដោយភ្លៀង និងទឹកជំនន់។
ខេត្ត Jiangxi បានចេញការប្រកាសអាសន្នពណ៌ក្រហមសម្រាប់ទឹកជំនន់កាលពីថ្ងៃចន្ទ ខណៈនៅក្នុងខេត្ត Fujian មានមនុស្សជាង ២២០,០០០ នាក់ ត្រូវបានជម្លៀសចាប់តាំងពីដើមខែនេះ ដោយសារតែទឹកជំនន់។ ជាមួយគ្នានេះដែរ កាលពីដើមខែនេះ មនុស្សយ៉ាងហោចណាស់ ២១ នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






