អន្តរជាតិ

រដ្ឋាភិបាលសិង្ហបុរី ​ផ្តល់​ប្រាក់ ៣០០ដុល្លារ​សិង្ហបុរី ដល់​អ្នក​មាន​ចំណូល​ទាប​ ១.៥ លាន​នាក់ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ

BY
autoadmin
June 22, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរីសម្រេចផ្តល់ប័ណ្ណពិសេសសម្រាប់អ្នកដែលមានចំណូលទាបក្នុងតម្លៃ ៣០០ដុល្លារសិង្ហបុរី។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Lawrence Wong បានប្រកាសកាលពីថ្ងៃអង្គារ ទី២១ មិថុនានេះថា ប្រជាជនសិង្ហបុរីប្រហែល ១.៥លាននាក់ នឹងទទួលបានប័ណ្ណពិសេស ឬ GST Voucher ពីការដំឡើងពន្ធ GST របស់រដ្ឋាភិបាលដែលមានតម្លៃ ៣០០ដុល្លារសិង្ហបុរីក្នុងម្នាក់នៅក្នុងខែសីហា ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយសម្រាប់ប្រជាជនម្តងទៀត។

ជាមួយគ្នានេះដែរ គ្រួសារនីមួយៗ ក៏នឹងទទួលបានឥណទាន ១០០ដុល្លារសិង្ហបុរីផងដែរនៅខែកញ្ញា ដើម្បីជួយទូទាត់វិក្កយបត្រទឹក ភ្លើងរបស់ពួកគេ។ លោក Wong បានបន្តថា ប័ណ្ណពិសេសនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្មករដែលមានចំណូលមធ្យម ,កម្រិតទាប ក៏ដូចជាអ្នកចូលនិវត្តន៍ដែលគ្មានប្រាក់ចំណូលផងដែរ។ ប្រាក់នេះ គឺបន្ថែមពីលើប័ណ្ណ GST ដែលបានចែកចាយពីមុនដល់សាធារណជន ដែលនេះនឹងនាំមកនូវតម្លៃសរុបនៃប្រាក់ដែលផ្តល់ដោយរដ្ឋាភិបាលដល់ ៧០០ដុល្លារសិង្ហបុរីនៅឆ្នាំនេះ។


គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំសម្រាប់ថវិកាឆ្នាំ២០២២ កាលពីខែកុម្ភៈ លោក Wong បានប្រកាសថារដ្ឋាភិបាលសិង្ហបុរីនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ៦៤០លានដុល្លារសិង្ហបុរីទៀត ដើម្បីបញ្ចូលទៅក្នុងផែនការធានារ៉ាប់រងដែលមានតម្លៃ ៦ពាន់លានដុល្លារសិង្ហបុរី ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភប័ណ្ណពិសេសនេះសម្រាប់ប្រជាជនសិង្ហបុរីភាគច្រើនសម្រាប់រយៈពេលយ៉ាងតិច ៥ឆ្នាំ និងដើម្បីជួយដល់ក្រុមដែលមានចំណូលទាបនៅក្នុងប្រទេសសិង្ហបុរីរហូតដល់ ១០ឆ្នាំ៕

អត្ថបទ៖ Bee

ប្រភព៖ channelnewsasia

Share This Post: