អន្តរជាតិ

សិង្ហបុរីបាន​បញ្ជាក់​រកឃើញករណី​ជំងឺអុតស្វា monkeypox ដំបូង លើបុរសជនជាតិអង់គ្លេសម្នាក់ ដែលជាអ្នកបម្រើការនៅលើយន្តហោះ

BY
autoadmin
June 22, 2022

ក្រសួង​សុខាភិបាលសិង្ហបុរី (MOH) ​បាន​បញ្ជាក់​ពី​ករណី​ជំងឺអុតស្វា monkeypox ​ចេញពីបុរសជនជាតិអង់គ្លេសម្នាក់ អាយុ ៤២ឆ្នាំ ដែលធ្វើការជាអ្នកបម្រើការលើយន្តហោះ ហើយបានស្ថិតនៅក្នុងប្រទេសសិង្ហបុរីនៅចន្លោះថ្ងៃពុធ និងថ្ងៃសុក្រសប្ដាហ៍មុន ហើយម្តងទៀតគឺនៅថ្ងៃអាទិត្យ នៅពេលដែលគាត់កំពុងហោះហើរទាំងក្នុង និងក្រៅប្រទេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ គាត់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​អុតស្វាកាលពី​ថ្ងៃ​ចន្ទ ហើយ​បច្ចុប្បន្ន​គាត់ត្រូវ​បាន​គេ​ដាក់​នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺឆ្លង (NCID)។ ឥឡូវនេះ ស្ថានភាពរបស់គាត់មានស្ថេរភាពល្អ ខណៈ MOH នៅបន្ដតាមដានអ្នកមានទំនាក់ទំនង។

អ្នកមានទំនាក់ទំនងជិតស្និទ្ធចំនួន ១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណគិតត្រឹមថ្ងៃអង្គារ ហើយពួកគេនឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ ចាប់តាំងពីទំនាក់ទំនងចុងក្រោយរបស់ពួកគេជាមួយអ្នកជំងឺ។ អ្នកមានទំនាក់ទំនងចំនួន ២ នាក់ ផ្សេងទៀត ក៏ត្រូវបានដាក់ក្រោម​ការ​ឃ្លាំ​មើល​តាម​ទូរសព្ទផងដែរ។ ពោលគឺ អ្នក​ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​តាម​ទូរសព្ទ​នឹង​ទទួល​បាន​ការ​ហៅ​ទូរសព្ទ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល ២១ថ្ងៃ ដើម្បី​ពិនិត្យ​មើល​ការ​ចាប់​ផ្តើម​នៃ​រោគ​សញ្ញា​ណា​មួយ​។ ប្រសិនបើមានសង្ស័យថា មានផ្ទុកមេរោគ ពួកគេនឹងត្រូវនាំទៅ NCID ជាបន្ទាន់សម្រាប់ការវាយតម្លៃបន្ថែម និងដាក់ឱ្យនៅដាច់ដោយឡែកដើម្បីការពារការឆ្លងបន្ថែមទៀត។

នេះ​ជា​ករណីឆ្លង​ជំងឺ​អុតស្វា​នាំចូល​ដំបូង​គេ ​ដែល​រក​ឃើញ​ក្នុង​ប្រទេស​សិង្ហបុរី​ចាប់​តាំង​ពី​ឆ្នាំ២០១៩ នៅពេលដែល​បុរស​នីហ្សេរីយ៉ា​ម្នាក់​ បាន​ធ្វើ​តេស្ត​វិជ្ជមានចំពោះជំងឺនេះ។ MOH ក៏បាននិយាយកាលពីថ្ងៃទី០៦ ខែមិថុនា ដែរថា អ្នកដំណើរម្នាក់ដែលបានឆ្លងកាត់ប្រទេសសិង្ហបុរី ទៅកាន់ប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុន បានធ្វើតេស្តវិជ្ជមានចំពោះជំងឺអុតស្វា។ MOH បាននិយាយថា បុរសនោះបានចាប់ផ្តើមឈឺក្បាលនៅថ្ងៃទី១៤ ខែមិថុនា ហើយមានចេញគ្រុនក្តៅ ២ ថ្ងៃក្រោយមក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: