ប្រតិបត្តិកររថភ្លើង BTS របស់ថៃ បានអំពាវនាវឱ្យអ្នកមានសក់វែងគួរចងសក់ឱ្យបានសមរម្យ កុំឱ្យសក់ចូលភ្នែក និងមាត់ របស់អ្នកដំណើរផ្សេងទៀត
- BY
- autoadmin
- June 22, 2022
ប្រតិបត្តិកររថភ្លើងលើអាកាស Bangkok Mass Transit System (BTS) បានសរសេរនៅលើបណ្ដាញហ្វេសប៊ុក កាលពីថ្ងៃអង្គារ ដើម្បីជំរុញអ្នកដំណើរដែលមានសក់វែង គួរចងសក់របស់ពួកគេឱ្យបានសមរម្យ នៅពេលដែលរថភ្លើងមានមនុស្សពេញកកកុញ ដើម្បីការពារពីការចូលភ្នែក ឬមាត់អ្នកដទៃ ដោយអចេតនា។ BTS បាននិយាយថា៖«សូមប្រយ័ត្នចំពោះសក់របស់អ្នក ព្រោះវាអាចប៉ះអ្នកដទៃដែលឈរ/អង្គុយជិតអ្នក នៅពេលដែលអ្នកងាកក្បាលរបស់អ្នក»។ BTS បាននិយាយថា៖«ចុងសក់របស់អ្នក អាចចូលទៅក្នុងភ្នែក ឬមាត់អ្នកដទៃដោយចៃដន្យ»។

ប្រតិបត្តិកររថភ្លើង BTS បានផ្តល់យោបល់ថា អ្នកដំណើរដែលមានសក់វែងគួរតែចងសក់របស់ពួកគេ នៅក្នុងអំឡុងពេលម៉ោងមមាញឹក ឬគ្រាន់តែកាន់ចុងសក់របស់ពួកគេពេលងាកក្បាល ឬនៅពេលដើរកាត់អ្នកផ្សេងទៀតនៅក្នុងរថភ្លើង ពេលដែលមានមនុស្សច្រើនកកកុញ។ ក្រុមហ៊ុនបានបន្ថែមថា៖«ការធ្វើដូច្នេះគឺជាការបង្ហាញពីការគួរសមចំពោះអ្នកដទៃ និងជួយរក្សាបរិយាកាសវិជ្ជមានពេញមួយការធ្វើដំណើរ នៅលើការដឹកជញ្ជូនសាធារណៈ»៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand
- Share This Post:






