អន្តរជាតិ

កំពូលតារាបាល់ទាត់លោក Cristiano Ronaldo សន្យានឹងបង់ថ្លៃខូចខាតឱ្យទៅម្ចាស់ផ្ទះ ដែលអង្គរក្សរបស់គាត់បានបើករថយន្តបុកកាលពីពេលថ្មីៗនេះ

BY
autoadmin
June 22, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា កំពូលតារាបាល់ទាត់លោក Cristiano Ronaldo នឹងត្រូវបង់ថ្លៃខូចខាតទៅឱ្យម្ចាស់ផ្ទះនៅទីក្រុង Mallorca ដែលត្រូវបានរថយន្ត Bugatti តម្លៃ ២ លានដុល្លារ ដែលបើកបរដោយអង្គរក្សរបស់លោក បានបើកបុកកាលពីពេលថ្មីៗនេះ។ ម្ចាស់ផ្ទះដែលមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា កីឡាកររបស់ក្រុម Manchester United រូបនេះ បានសន្យានឹងផ្តល់សំណងដល់គាត់ បន្ទាប់ពីគាត់បានទៅផ្ទះរបស់លោក Cristiano កាលពីថ្ងៃអង្គារ ដើម្បីព្យាយាមនិយាយទៅកាន់គាត់។ គាត់បានបន្ថែមទៀតថា សូម្បីតែសត្វឆ្កែដែលគាត់ចិញ្ចឹម ក៏នៅតែមានភាពភ័យខ្លាច ចំពោះហេតុការណ៍ដែលបានកើតឡើងផងដែរ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវតូចមួយ ក្បែរមន្ទីរពេទ្យ Joan March ក្នុងតំបន់ Bunyola របស់ទីក្រុង Mallorca ឬ Majorca នៃប្រទេសអេស្ប៉ាញ។ ពោលគឺនៅជិតនឹងផ្ទះជនបទដ៏ប្រណីត ដែលលោក Cristiano បានជួលសម្រាប់លំហែកាយជាលក្ខណៈគ្រួសារ ដែលមានទាំងទីលានបាល់ទាត់ផ្ទាល់ខ្លួន និងទីលានបាល់ទះនៅជាប់មាត់ឆ្នេរ។ រថយន្ត Bugatti នោះផងដែរ គឺជារថយន្តមួយក្នុងចំណោមរថយន្ត ២ ដែលលោក Cristiano បានដឹកទៅកាន់ទីក្រុង Majorca សម្រាប់ការសម្រាកលំហែកាយនៅទីនោះ។ លោក Cristiano Ronaldo ក៏មិនបាននៅក្នុងឧបទ្ទវហេតុនោះដែរ ប៉ុន្តែលោកនៅតែទទួលខុសត្រូវសម្រាប់បញ្ហានេះ។ យ៉ាងណាក៏ដោយគេមិនបានដឹងថា លោក Cristiano Ronaldo នឹងត្រូវបង់ប្រាក់ប៉ុន្មាន ទៅឱ្យម្ចាស់ផ្ទះម្នាក់នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: