អន្តរជាតិ

ប្រទេសឡាវ នឹងចាប់ផ្តើមលក់ថាមពលអគ្គិសនីទៅប្រទេសសិង្ហបុរី ក្នុងពេលឆាប់ៗនេះ

BY
autoadmin
June 23, 2022

ប្រទេសឡាវគ្រោងនឹងចាប់ផ្តើមលក់ទៅឱ្យប្រទេសសិង្ហបុរី ក្រោមគម្រោងថាមពលរួមបញ្ចូលគ្នា ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី (LTMS-PIP)។ កិច្ចព្រមព្រៀងទិញថាមពលនេះត្រូវបានចុះហត្ថលេខាដោយលោក Chantaboon Sukalun នាយកគ្រប់គ្រងនៃអាជ្ញាធរអគ្គិសនីឡាវ (EDL) និងលោក Janice Bong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Keppel Infrastructure Holdings ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង​វៀងចន្ទ  កាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនាកន្លងមក។

ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក Daowong Phonkaew រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែនៃប្រទេសឡាវ លោក Putanupet Saisombat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ និងលោក Liao Xiulin ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសឡាវ ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​តំណាង​ភាគី​ទាំង​ពីរ​ដែលបាន​ចូល​រួម។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់កាសែត Vientiane Times  ថាមពលសរុប ១០០មេហ្គាវ៉ាត់ ពីវារីអគ្គិសនី​ Pak Ngeuy–Pha Oudom ក្នុងខេត្តបកែវ ប្រទេស​ឡាវ នឹងត្រូវបានផ្គត់ផ្គង់ទៅកាន់ប្រទេសសិង្ហបុរី។ គួរបញ្ជាក់ផងដែរថា គម្រោង (LTMS-PIP) នេះ ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសទាំងបួនកាលពីខែកញ្ញា ឆ្នាំ២០១៤  ហើយបន្ទាប់ពីធ្វើការជាមួយគ្នាអស់ជាច្រើនឆ្នាំមក ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរីបានកំណត់គោលដៅរបស់ពួកគេ ក្នុងការក្លាយជាប្រទេសចំនួនបួនដំបូងគេនៅក្នុងតំបន់អាស៊ានសម្រាប់ការទិញ និងលក់ថាមពលនៅក្រៅប្រទេស៕

អត្ថបទ៖ Bee

ប្រភព៖ khaosod

Share This Post: