អន្តរជាតិ

ហួសចិត្ត! ក្មេងស្រីជនជាតិចិនម្នាក់ លួចលុយម្តាយកំពុងឈឺ ដែលសន្សំត្រៀមទុកវះកាត់ យកទៅទិញហ្គេម និងទិញឥវ៉ាន់អនឡាញខ្ទេចអស់

BY
autoadmin
June 23, 2022

យោងតាមសារព័ត៌មាន South China Morning Post កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា បានចុះផ្សាយពីករណីក្មេងស្រីជនជាតិចិនម្នាក់ ដែលបានលួចលុយចំនួន ១២០,០០០ យន់ ពីម្តាយដែលឈឺធ្ងន់ ហើយប្រាក់នោះជាប្រាក់ដែលម្តាយនាងបានសន្សំសម្រាប់ការវះកាត់។ យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Baoding ខេត្ត Hebei ប្រទេសចិន ដោយឪពុកនិងម្ដាយបាន​និយាយ​ថា កូនស្រី​អាយុ ១៤ ឆ្នាំ​របស់​ពួក​គេ​បាន​ចំណាយ​លុយ​ចាយវាយ​តាម​អ៉ីនធឺណេត ដោយសារតែ​លុយ​ដែល​កូន​ស្រី​យក​មក​ខ្ជះខ្ជាយនោះ វាជាប្រាក់ដែលបានពីការសន្សំដើម្បីចំណាយលើការវះកាត់ឆ្អឹងខ្នងផ្នែកខាងក្រោមរបស់លោកស្រី Jia ដែលត្រូវជាម្ដាយ។ ដូច្នេះ​ហើយ​ក្រុម​គ្រួសារ​បាន​មក​ប្តឹង​ប៉ូលិស​ ដើម្បីសូម​ជួយ​យក​ប្រាក់​ទាំង​នេះ​មក​វិញ​តាម​ដែលអាចធ្វើទៅបាន ។

​បើ​តាម​ប៉ូលិសបានអោយដឹងថា ក្មេងស្រីនេះបានភ្ជាប់គណនីធនាគាររបស់ម្តាយនាងទៅនឹងគណនី WeChat របស់នាងដើម្បីចំណាយលើអ៉ីនធឺណិត ដោយចំណាយ ៣០,០០០យន់  លើហ្គេមអនឡាញ និង ១៥,០០០ យន់ សម្រាប់ការលេងហ្គេមអនឡាញ និង ទិញទូរស័ព្ទចំនួន ៣គ្រឿង ហើយលុយដែលនៅសល់ចំណាយលើការទិញទំនិញផ្សេងទៀត។

ក្រោយមកប៉ូលីសបានចរចាជាមួយក្មេងស្រី ដោយសុំឱ្យនាងប្រគល់បង្កាន់ដៃបង់ប្រាក់ និងប្រគល់របស់របរដែលបានទិញជាមួយនឹងប្រាក់ដែលលួចនោះមកវិញ បន្ទាប់មកប៉ូលីសបានទាក់ទងតាមរយៈអនឡាញ ដោយរាយការណ៍ទៅថា អ្នកទិញជាអនីតិជន ហើយលុយដែលបានប្រើត្រូវបានលួច ដូច្នេះ​ហើយ​បាន​ធ្វើ​សំណើ​សុំ​ប្រាក់​សង​វិញ ដោយសារតែក្មេងស្រីនោះមានអាយុក្រោម ១៦ឆ្នាំ ហើយប្រាក់ដែលបានចំណាយលើហ្គេមបញ្ចូលទឹកប្រាក់អាចត្រូវបានបង្វិលសងវិញ ប៉ុន្តែប៉ូលីស​បាន​និយាយ​ថា ចំណែកប្រាក់ដែល​ប្រើ​សម្រាប់​ទិញ​ទូរស័ព្ទ និង​ហ្គេម​លេង​ល្បែង​មិន​អាច​សង​វិញ​បាន​ទេ។ ប៉ូលីសបានបន្តទៀតថាក្មេងស្រីនេះរស់នៅជាមួយម្តាយ និងឪពុកចុង ទើបទង្វើនេះអាចយោគយល់គ្នាបាន។

ក្រោយការចរចា និងសម្របសម្រួលពីសមត្ថកិច្ច តាមរយៈ វេទិកាអនឡាញបានយល់ព្រមសងប្រាក់វិញចំនួន ៦០,០០០ យន់ ដែលបានចំណាយលើហ្គេមបញ្ចូលទឹកប្រាក់ក្នុងខែមីនា។ បើទោះជាយ៉ាងណាក៏ដោយ ប៉ូលីសមិនប្រាកដនោះទេថា ទី​បំផុត​លោកស្រី Jia ​បាន​វះកាត់​ហើយ​ឬ​នៅ? ព្រោះ​លុយ​ជិត​ពាក់​កណ្តាល​ដែល​គេ​លួច​មិន​អាច​យក​មក​វិញ​បាន៕

អត្ថបទ៖ Bee

ប្រភព៖ khaosod

Share This Post: