ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន បានឆក់យកជីវិតមនុស្សជាង ១,០០០ នាក់ គិតមកទល់ពេលនេះ

    BY autoadmin June 23, 2022
    គ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន បានឆក់យកជីវិតមនុស្សជាង ១,០០០ នាក់ គិតមកទល់ពេលនេះ

    ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃពុធ នៅអាហ្វហ្គានីស្ថាន បានកើនឡើងលើសពី ១,០០០ នាក់ ខណៈចំនួនអ្នកស្លាប់ត្រូវបានរំពឹងថា នឹងមានការកើនឡើងបន្ថែមទៀត ដោយសារមនុស្សជាច្រើននៅតែជាប់នៅក្រោមអគារដែលដួលរលំ។ ការរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រ បានកើតឡើងនៅក្នុងទីក្រុង Khost ភាគខាងកើតកាលពីព្រឹកថ្ងៃពុធ ហើយអាជ្ញាធរ​នៅ​ខេត្ត Paktika ដែល​នៅ​ជិត​ខាងបានឱ្យដឹងថា មានពលរដ្ឋចំនួន ១,៥០០ នាក់​ផ្សេង​ទៀត បាន​រង​របួសដោយសារគ្រោះរញ្ជួយដីនេះ។ អ្នកស្រុកម្នាក់បាននិយាយថា៖«ការរញ្ជួយដីបានវាយប្រហារនៅម៉ោងប្រហែល ២:០០ ព្រឹក។ វាគ្រោះថ្នាក់ខ្លាំងណាស់។ យើងបានចាកចេញពីផ្ទះ។ មនុស្សជាច្រើននាក់បានរងរបួស។»

    មន្ត្រីជំនួយរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា យ៉ាងហោចណាស់ផ្ទះចំនួន ២,០០០ ខ្នង ត្រូវបានបំផ្លាញនៅក្នុងតំបន់ ដែលជាធម្មតាគ្រួសារមានសមាជិកពី ៧ ទៅ ៨នាក់។ ក្រុមបុគ្គលិកសង្គ្រោះ បានប្រញាប់ប្រញាល់សង្គ្រោះអ្នកដែលជាប់គាំងក្នុងផ្ទះ ដោយសារភាគច្រើនផ្ទះទាំងនោះធ្វើពីដីឥដ្ឋ ខណៈដែលកិច្ចប្រឹងប្រែងជួយសង្គ្រោះខ្លះទៀត គឺមិនអាចធ្វើទៅបាននោះទេ ព្រោះថាតំប់នោះនៅដាច់ស្រយាលខ្លាំងពេក។ មេដឹកនាំរបស់ប្រទេសនេះ ក៏កំពុងអំពាវនាវទៅដល់សហគមន៍អន្តរជាតិ ដើម្បីឱ្យមានការជួយដល់ពលរដ្ឋរបស់ខ្លួន។ មន្ត្រីអង្គការសហប្រជាជាតិបានបន្ថែមថា ភ្លៀងធ្លាក់ខ្លាំងកំពុងរារាំងប្រតិបត្តិការជួយសង្គ្រោះតាមឧទ្ធម្ភាគចក្រ ហើយការរអិលបាក់ដីក៏ជាក្តីបារម្ភផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: