លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានចេញមុខដាក់ចំៗ ទៅលើរឿងដាំ និងប្រើប្រាស់កញ្ឆា ដែលកំពុងចរាចរពេញទីផ្សារអាហារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានសង្កត់ធ្ងន់ថា កញ្ឆា ដូច អាភៀន អ៉ីចឹង ទោះវាមានប្រយោជន៍ខាងផលិតឱសថ តែយុវជនត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់។

នៅក្នុងកិច្ចពិភាក្សាលើទំព័រ Care Kid moving Thai វគ្គ «សេដ្ឋកិច្ចដួលរលំ ប្រាយុទ្ធមិនអាចដោះស្រាយបានទេឬ?» លោក ថាក់ស៊ីន បានបញ្ជាក់យ៉ាងច្បាស់អំពីបញ្ហាដាំ និងប្រើប្រាស់កញ្ឆាដោយសេរីថា៖ ” នៅពេលអាភៀនចេញមកថ្មីៗ ខ្ញុំអាចនិយាយបានថាមានអត្ថប្រយោជន៍ខាងឱសថច្រើន ប៉ុន្តែមាន ឬក៏អត់ វាមិនសំខាន់ទេ អ្វីដែលសំខាន់គឺនៅចុងបញ្ចប់ ចំនួនអ្នកជក់នឹងមានកាន់តែច្រើន”។
លោកបានបន្តទៀតថា កញ្ឆាមានទាំងសារធាតុញៀន និងមានលក្ខណៈសម្បត្តិជាឱសថ ប៉ុន្តែត្រូវចម្រាញ់ចេញមកប្រើប្រាស់អោយបានត្រឹមត្រូវតាមគោលការណ៍តាមក្បួនខ្នាត។ ទន្ទឹមនឹងនេះ លោកបានណែនាំឱ្យមានការព្រមាន និងដាស់តឿនលើយុវជន ជាមួយនឹងការផ្ដល់សេរីភាពទាក់ទងនឹងកញ្ឆា។ លោកបានបន្ថែមថា បញ្ហានេះត្រូវតែពិនិត្យមើលឱ្យបានទូលំទូលាយ មិនមែនចង់រកសម្លេងឆ្នោត ដោយការផ្តល់សេរីភាពក្នុងការដាំកញ្ឆា ហើយនិយាយថា ខ្លួនបានឈ្នះហើយនោះទេ។
មិនតែប៉ុណ្ណោះ ក្រោយពីបានឃើញគេប្រើកញ្ឆាក្នុងការចម្អិនសូម្បីតែម្ហូបពងក្រឡុក កាលពីពេលថ្មីៗនេះ លោក ថាក់ស៊ីន ថា វាមិនមែនជារឿងលេងសើចនោះទេ វាគឺជារឿងដែលគួរយកចិត្តទុកដាក់អោយបានខ្លាំង ហើយព្រមទាំងអំពាវនាវអោយប្រជាពលរដ្ឋចងចាំថា កញ្ឆាមានសារធាតុញៀន ហើយអ្វីៗគ្រប់យ៉ាងសុទ្ធតែមានទាំងគុណវិបត្តិ និងគុណសម្បត្តិ ដូច្នេះហើយទើបតម្រូវឱ្យយកមកប្រើប្រាស់អោយបានត្រឹមត្រូវតាមក្បួនខ្នាត៕
អត្ថបទ៖ Bee
ប្រភព៖ thairath