ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុត ប្រទេសអ៊ុយក្រែនបានទទួលឋានៈជា «បេក្ខភាពផ្លូវការ» ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប

    BY autoadmin June 24, 2022
    ទីបំផុត ប្រទេសអ៊ុយក្រែនបានទទួលឋានៈជា «បេក្ខភាពផ្លូវការ» ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប

    មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ បានផ្តល់ឱ្យអ៊ុយក្រែននូវឋានៈជា «បេក្ខភាពផ្លូវការ» សម្រាប់ការចូលរួមជាមួយសហភាព ដែលមានប្រទេសជាសមាជិកចំនួន ២៧ មួយនេះ។ វាគឺជាជំហានភូមិសាស្ត្រនយោបាយដ៏ក្លាហានមួយ ដែលត្រូវបានទីក្រុងគៀវ និងសហភាពអឺរ៉ុប ហៅថាជាពេលវេលាប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះបីជាអ៊ុយក្រែននឹងត្រូវប្រើពេលយូរជាងមួយទស្សវត្សរ៍ ក្នុងការចូលរួមជាមួយប្លុកនេះឱ្យបានពេញលេញក៏ដោយ ការសម្រេចចិត្តទទួលយកអ៊ុយក្រែនជាបេក្ខភាពផ្លូវការ គឺជានិមិត្តសញ្ញានៃចេតនារបស់សហភាពអឺរ៉ុបក្នុងការទទួលយកអតីតសហភាពសូវៀតមួយនេះ។

    ប្រធានគោលនយោបាយការបរទេសរបស់ប្លុក គឺលោក Josep Borrell បាននិយាយថា៖«ប្រជាជនអ៊ុយក្រែន ជាកម្មសិទ្ធិរបស់គ្រួសារអឺរ៉ុប។ អនាគតរបស់អ៊ុយក្រែនគឺនៅជាមួយ EU។ ថ្ងៃនេះជាការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយ ដែលយើងនឹងដើរជាមួយគ្នា»។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរថា៖«អនាគតរបស់អ៊ុយក្រែនគឺនៅក្នុងសហភាពអឺរ៉ុប» ដោយគាត់បានស្វាគមន៍ការសម្រេចចិត្តរបស់ EU ថាជា «ពេលវេលាពិសេស និងជាប្រវត្តិសាស្ត្រ»។

    អស់រយៈពេល ៦ឆ្នាំ បន្ទាប់ពីអង់គ្លេសបានបោះឆ្នោតផ្ដាច់ខ្លួនពីសហភាពអឺរ៉ុប ប្រទេសជិតខាងរបស់អ៊ុយក្រែនដូចជា ម៉ុលដាវី ក៏ទទួលបានឋានៈជាបេក្ខភាពរបស់ប្លុកផងដែរ ហើយហ្សកហ្ស៊ី ដែលជាអតីតរដ្ឋសូវៀតផ្សេងទៀត ក៏ត្រូវបានគេប្រាប់ថា នឹងទទួលបានឋានៈនេះដូចគ្នា នៅពេលដែលខ្លួនបានបំពេញលក្ខខណ្ឌបន្ថែមទៀត។ មេដឹកនាំសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា ប្រទេសទាំងនេះនឹងមានការងារជាច្រើនដែលត្រូវធ្វើ ហើយបន្ទាប់មកទៀត ប្លុកនេះក៏ប្រហែលជាត្រូវផ្លាស់ប្តូររបៀបដែលពួកគេត្រូវធ្វើការដើម្បីដោះស្រាយបញ្ហា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: