អន្តរជាតិ

យន្តហោះយោធារុស្ស៊ីមួយគ្រឿងបានធ្លាក់ក្នុងកំឡុងពេលហ្វឹកហាត់ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ៤នាក់ និង ៥នាក់ ផ្សេងទៀតត្រូវរងរបួស

BY
autoadmin
June 24, 2022

យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៊ីមួយគ្រឿង បានធ្លាក់នៅទីក្រុង Ryazan (រីហ្សាញ់) ភាគអាគ្នេយ៍នៃរដ្ឋធានីមូស្គូ នៅថ្ងៃសុក្រនេះផ្ទាល់ ដោយបានសម្លាប់មនុស្សចំនួន ៤នាក់ និង ៥នាក់ ផ្សេងទៀតត្រូវរងរបួស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា យន្តហោះត្រូវបង្ខំចិត្តចុះចតដោយសារតែបញ្ហាម៉ាស៊ីន ខណៈកំពុងធ្វើការហ្វឹកហាត់ ហើយបានឆាបឆេះនៅពេលដែលវាធ្លាក់មកដី នៅក្នុងតំបន់នៃផ្លូវហាយវេ Mikhailovsky ។ ក្រសួងការពារជាតិបាននិយាយថា ឥឡូវនេះ អ្នកដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

យន្តហោះនោះ គឺជាយន្តហោះដឹកជញ្ជូនម៉ូដែល Ilyushin Il-76 ដែលត្រូវបានផលិតដំបូងនៅក្នុងសហភាពសូវៀត នៅចុងទសវត្សរ៍ឆ្នាំ១៩៦០។ យន្តហោះបានធ្លាក់ចូលទៅក្នុងវាលស្រែក្បែរអគារលំនៅដ្ឋាន ក្បែរផ្លូវហាយវេ ដែលបណ្តាលឱ្យមានភ្លើងឆេះចាប់តាំងពីពេលនោះមក។ សាក្សីម្នាក់បាននិយាយថា ការធ្លាក់យន្តហោះបានកើតឡើងនៅម៉ោងប្រហែល ៤:០០ នាទី ព្រឹក ម៉ោងក្នុងស្រុក។ ជម្រាបផងដែរថា យន្តហោះយោធាជាច្រើនគ្រឿងបានធ្លាក់ក្នុងខែនេះ នៅជិតព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន ដែលជាកន្លែងដែលទីក្រុងមូស្គូបានចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ចាប់តាំងពីការឈ្លានពានកាលពីចុងខែកុម្ភៈ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: