បា.ញ់ប្រហារក្នុងក្លឹបរាត្រីនៅប្រទេសន័រវែស បានឆក់យកជីវិតមនុស្សចំនួន ២នាក់ និងរបួស ១៤នាក់
- BY
- autoadmin
- June 25, 2022
ប៉ូលិសបាននិយាយថា មនុស្សចំនួន ២នាក់ បានស្លាប់ និង ១៤នាក់ បានរងរបួស នៅថ្ងៃសៅរ៍នេះ នៅក្នុងការបាញ់ប្រហារនៅក្លឹបរាត្រី និងនៅដងផ្លូវក្បែរនោះក្នុងរដ្ឋធានី Oslo ប្រទេសន័រវេស។ ប៉ូលិសបានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យម្នាក់ដែលគេជឿថា ជាជនដៃដល់តែមួយគត់ត្រូវបានចាប់ខ្លួន។ កន្លែងកើតហេតុគឺលាតសន្ធឹងពី London Pub តាមរយៈក្លឹបជិតខាង ហើយបន្តទៅផ្លូវក្បែរនោះ ខណៈជនសង្ស័យត្រូវបានចាប់ខ្លួនប៉ុន្មាននាទីបន្ទាប់ពីការបាញ់ប្រហារបានចាប់ផ្តើម។ ជម្រាបដែរថា London Pub គឺជាបារ និងក្លឹបរាត្រីដ៏ពេញនិយមសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា នៅកណ្តាលទីក្រុង Oslo ។

គេមិនទាន់ដឹងច្បាស់ថា អ្វីជាមូលហេតុនៃការវាយប្រហារនោះទេ ខណៈដែលទីក្រុង Oslo គ្រោងនឹងរៀបចំក្បួនដង្ហែ Pride ប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃសៅរ៍នេះផងដែរ។ នាយកដ្ឋានប៉ូលីសទីក្រុង Oslo បាននិយាយនៅក្នុង Twitter ថា៖«មនុស្សចំនួន ២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់»។ ប៉ូលិសបាននិយាយថា មនុស្ស ១៤នាក់ ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយច្រើននាក់ទៀតរងរបួសធ្ងន់ធ្ងរ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






