កន្លែងឈរមើលការបញ្ជល់គោមួយបានដួលរលំ នៅកណ្តាលប្រទេសកូឡុំប៊ី ដែលបានឆក់យកជីវិតមនុស្សចំនួន ៤នាក់ និងរបួសជាច្រើននាក់ទៀត
យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកន្លែងឈរមើលការបញ្ជល់គោមួយកន្លែង បានដួលរលំនៅកណ្តាលប្រទេសកូឡុំប៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ វីដេអូបង្ហោះលើអ៉ីនធឺណិត បានបង្ហាញពីកន្លែងឈរមើលកម្ពស់ ៣ជាន់ ដែលពោរពេញទៅដោយអ្នកទស្សនា បានដួលរលំនៅកីឡដ្ឋានមួយក្នុងក្រុង El Espinal។ វាគឺស្ថិតនៅក្នុងព្រឹត្តិការណ៍ប្រពៃណីមួយ មានឈ្មោះថា «corraleja» ហើយវាតែងតែត្រូវបានប្រារព្ធឡើង បើទោះបីប្រធានាធិបតីលោក Gustavo Petro បានជំរុញឱ្យមន្ត្រីក្នុងតំបន់ហាមឃាត់ព្រឹត្តិការណ៍ដែលនាំឱ្យមានហានិភ័យទាំងជីវិតមនុស្ស និងសត្វក៏ដោយ។

អភិបាលក្រុង Tolima លោក Jose Ricardo Orozco បាននិយាយថា អ្នកស្លាប់រួមមានស្ត្រី ២នាក់, បុរស ១នាក់ និងកុមារ ១នាក់ ហើយមនុស្សចំនួន ៣០នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ ក៏មានគោមួយក្បាលបានរត់គេចចេញពីកីឡដ្ឋាន ដែលបង្កការភ័យស្លន់ស្លោក្នុងក្រុងបន្ថែមទៀត។ សារព័ត៌មាន El Tiempo រាយការណ៍ថា មន្ទីរពេទ្យ និងសេវារថយន្តសង្គ្រោះរបស់ទីក្រុង ពេលនេះមិនអាចទប់ទល់នឹងចំនួនអ្នករបួសបានទេ។ គួរឱ្យដឹងដែរថា ការបំពាន ឬធ្វើបាបសត្វ គឺជាឧក្រិដ្ឋកម្មនៅក្នុងប្រទេសកូឡុំប៊ី ប៉ុន្តែការបញ្ជល់គោ និងការជល់មាន់ត្រូវបានគេការពារ ដោយសារតែពួកវា គឺជាផ្នែកនៃវប្បធម៌របស់ប្រទេសនេះ៕
អត្ថបទ៖ លីដា
ប្រភព៖ BBC