អន្តរជាតិ

សហរដ្ឋអាមេរិក​គ្រោងនឹង​ប្រកាស​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ពី​ដី​ទៅ​អាកាស​រយៈ​ចម្ងាយ​មធ្យម​ទៅ​ឆ្ងាយ​ សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងសប្ដាហ៍នេះ

BY
autoadmin
June 27, 2022

អាមេរិកគ្រោងនឹងប្រកាសឱ្យបានឆាប់នៅក្នុងសប្តាហ៍នេះថា ខ្លួនបានទិញប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស រយៈចម្ងាយមធ្យមទៅឆ្ងាយ សម្រាប់ប្រទេសអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ ប្រធានាធិបតីលោក ចូ បៃដិន ដែលបច្ចុប្បន្នកំពុងជួបជាមួយមេដឹកនាំ G7 នៅប្រទេសអាល្លឺម៉ង់ សម្រាប់កិច្ចប្រជុំកំពូលដែលផ្តោតលើអ៊ុយក្រែន បានប្រកាសកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែននូវ «ប្រព័ន្ធរ៉ុក្កែត និងគ្រាប់បែកទំនើបៗ» ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏គ្រោងនឹងថ្លែងទៅកាន់លោក បៃដិន និងមេដឹកនាំ G7 ផ្សេងទៀតនៅថ្ងៃចន្ទនេះផងដែរ។

ជាការឆ្លើយតបទៅនឹងសំណើរបស់កងកម្លាំងអ៊ុយក្រែន ជំនួយយោធាផ្សេងទៀតក៏ទំនងជាត្រូវបានប្រកាសក្នុងសប្តាហ៍នេះ រួមទាំងគ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ាដា counter-battery ។ មន្ត្រីអ៊ុយក្រែនក៏បានស្នើសុំប្រព័ន្ធប្រឆាំងមីស៊ីល NASAMS ដែលជាប្រព័ន្ធអាចវាយប្រហារគោលដៅចម្ងាយជាង ១០០ ម៉ាយ បើទោះបីជាកងកម្លាំងអ៊ុយក្រែន ទំនងជានឹងត្រូវការពេលវេលាក្នុងការហ្វឹកហាត់លើប្រព័ន្ធនេះក៏ដោយ។

គួរឱ្យដឹងដែរថា អាមេរិក​បាន​និង​កំពុង​ប្រកាស​ជា​បន្តបន្ទាប់​នូវ​ជំនួយ​សន្តិសុខ​បន្ថែម​សម្រាប់​អ៊ុយក្រែន ហើយកាលពីសប្តាហ៍មុន រដ្ឋបាលរបស់លោក បៃដិន បានប្រកាសផ្តល់ជំនួយយោធាបន្ថែមចំនួន ៤៥០ លានដុល្លារ ជាមួយនឹងការផ្តល់នូវប្រព័ន្ធរ៉ុក្កែតចំនួន ៤ និងគ្រាប់កាំភ្លើងធំសម្រាប់ប្រព័ន្ធផ្សេងទៀត។ ហើយនៅដើមខែនេះ រដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយយោធាចំនួន ១ ពាន់លានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែន ដែលជាកញ្ចប់ដែលរួមមានការដឹកជញ្ជូន កាំភ្លើងធំ គ្រាប់រំសេវ និងប្រព័ន្ធការពារឆ្នេរសមុទ្របន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: