អន្តរជាតិ

អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ ដាស់តឿនដល់ពលរដ្ឋថៃមុនចេញដំណើរទៅក្រៅប្រទេស គួរពិនិត្យច្បាប់នាំចូលក-ញ្ឆារបស់គោលដៅប្រទេសដែលចង់ទៅជាមុនសិន ជៀសវាងខុសច្បាប់ប្រទេសគេ

BY
autoadmin
June 28, 2022

លោកស្រី Traisuli Traisoranakul អ្នកនាំពាក្យរងនៃទីស្តីការនាយករដ្ឋមន្រ្តី ប្រកាសឱ្យប្រជាជនថៃ ក៏ដូចជាអ្នកដែលប្រើផលិតផល ឬ​ថ្នាំដែលមានផ្ទុកកញ្ឆា និងអ្នកកាន់កាប់ក.ញ្ឆា មុននឹងធ្វើដំណើរចេញទៅក្រៅប្រទេស គួរតែត្រួតពិនិត្យច្បាប់នាំចូលក.ញ្ឆានៃប្រទេសគោលដៅដែលខ្លួនចង់ទៅជាមុនសិន។ ការដាស់តឿននេះ គឺក្នុងគោលបំណង ជៀសវាងខុសច្បាប់ប្រទេសទាំងនោះ ហើយក្នុងករណីត្រួត ពិនិត្យមិនច្បាស់ គឺមិនគួរដាក់ផលិតផលដែលមានក.ញ្ឆាជាគ្រឿងផ្សំផ្សេងៗជាប់ខ្លួន រឺយកតាមខ្លួននៅពេលដែលធ្វើដំណើរនោះទេ ព្រោះសម្រាប់ប្រទេសមួយចំនួនកញ្ឆានៅតែជាគ្រឿងញៀន និងមានទោសធ្ងន់តាមច្បាប់នៅឡើយ។

អ្នកស្រី Traisuli បានលើកឡើងថា​ ថ្មីៗ​នេះ ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី និងស្ថានទូតថៃប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានចេញសេចក្តីប្រកាសតាមរយៈទំព័រ Facebook របស់ស្ថានទូតទាំងពីរ ព្រមានឱ្យប្រជាជនថៃដឹងថា កុំឲ្យនាំយកក.ញ្ឆា ឬផលិតផលដែលមានផ្ទុកសារធាតុរុក្ខជាតិនោះ ចូលមកក្នុងប្រទេសទាំងពីរ បើបំពានអាចនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារជាអតិបរមា គឺទោសប្រហារជីវិត។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសាធារណៈបានដកក.ញ្ឆាចេញពីបញ្ជីឈ្មោះគ្រឿងញៀនប្រភេទទី៥ តាំងពីថ្ងៃទី០៩ មិថុនា ឆ្នាំ២០២២ ចាប់តាំងពីពេលនោះមកគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិក.ញ្ឆា និងដើមក.ញ្ឆា គឺមិនមានសារធាតុញៀន លើកលែងតែសារធាតុចម្រាញ់ដែលមានផ្ទុក THC ច្រើនជាង ០.២% ប៉ុន្តែឥទ្ធិពលផ្លូវច្បាប់បែបនេះមានសុពលភាពតែនៅក្នុងប្រទេសថៃប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលថៃគាំទ្រការប្រើប្រាស់ក.ញ្ឆាជាឱសថ និងអត្ថប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែមិន​គាំទ្រ​ការ​ប្រើ​ប្រាស់​សម្រាប់ការ​កម្សាន្ត ការ​ជក់​បារី ឬ​ផឹក​ស្រា ហើយឥឡូវ​នេះក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ដើម្បី​ទប់ស្កាត់​ការ​ជក់​ក.ញ្ឆា ដែលបង្កជាបញ្ហាក្លិន និងផលរំខានដល់អ្នកដ៏ទៃតាមទីសាធារណៈ ក៏ដូចជាការប្រកាសអំពីក.ញ្ឆាថា គឺជាឱសថដែលមានការគ្រប់គ្រង និងហាមលក់ឲ្យយុវជនអាយុក្រោម ២០ឆ្នាំ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន ខណៈពេលដែលនាយកដ្ឋាននៃក្រសួងសុខាភិបាល បានចេញអនុសាសន៍មួយដើម្បីជាការព្រមានអោយបានដឹងអំពីការប្រើប្រាស់ក.ញ្ឆាអោយបានត្រឹមត្រូវ៕

អត្ថបទ៖ Bee

ប្រភព៖ thairath

Share This Post: