អន្តរជាតិ

មានពេលកុំទុកទំនេរចោល បុគ្គលិកធនាគារថៃម្នាក់ច្នៃពេលទំនេរលក់នំបញ្ចុកក្តាម រកលុយបានរាប់មុឺនដុល្លារក្នុងមួយខែៗ

BY
autoadmin
June 28, 2022

ថៃ៖ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ ទើបធ្វើឱ្យបុគ្គលិកធនាគារផ្នែកទីផ្សារ ដែលមានបទពិសោធន៍មើលការខុសត្រូវចំពោះអតិថិជនជាង ៦ឆ្នាំ គឺ អ្នកនាង Mae Siraya Thanatthanyakul ត្រូវបានផ្លាស់មកធ្វើការនៅផ្ទះ (Work from home)។ ការធ្វើការពីផ្ទះ នាំអោយមានពេលទំនេរពីការងារច្រើនឡើង ធ្វើឱ្យអ្នកនាង Mae ដែលមានវ័យ ៣៤ឆ្នាំរូបនេះ ងាកមករកចំណូលបន្ថែមគឺ «ការលក់នំបញ្ចុកសម្លក្តាម»។

អ្នកនាង Mae បានរៀបរាប់ថា នាងពិតជាមិនចង់ធ្វើជាបុគ្គលិកគេពេញមួយជីវិតទេ បើនិយាយពីប្រាក់ខែដែលទទួលបានសមរម្យដែរ គឺជាង ២ពាន់ដុល្លារ ប៉ុន្តែបើចេញរកសុីជាម្ចាស់ការលើខ្លួនឯង នាងមានសេចក្តីសុខជាង គឺបានធ្វើអ្វីដែលនាងចង់ធ្វើ។ ដូច្នេះហើយ ទើបនាងសម្លឹងមើលឃើញថា ទីផ្សារនំបញ្ចុកសម្លក្តាម គឺមានផ្លូវអាចកើបលុយបាន ប្រសិនបើចេះធ្វើទីផ្សារត្រូវ ដោយអ្នកនាងចាប់ផ្តើមគិតទៅលើឈ្មោះហាងជាមុន ដើម្បីភាពទាក់ទាញ ដោយអ្នកនាងបានដាក់ឈ្មោះហាងនំបញ្ចុកថា «Tong នំបញ្ចុកសម្លក្តាម»។

ការដាក់ឈ្មោះដូច្នេះ ព្រោះនាងយល់ឃើញថា ការវាយលុកទីផ្សារអោយបានជោគជ័យនោះ ហាងនំបញ្ចុកត្រូវតែមានឈ្មោះបែបបន្តជំនាន់ ឬ បន្តមុខរបរពីគ្រួសារ បើយកតាមបែបឈ្មោះសម័យថ្មី ឬបែបយុវវ័យសម័យថ្មី ច្បាស់ជាគេមិនចាប់អារម្មណ៍នោះទេ ទើបអ្នកនាង Mae ដាក់ឈ្មោះហាងថា «Tong នំបញ្ចុកសម្លក្តាម» ដែលឈ្មោះ Tong ក៏ជាឈ្មោះមិត្តប្រុសនាងផងដែរ ព្រោះបើស្តាប់មើលទៅឈ្មោះនេះមិនថាចាស់ ឬ ក្មេងទេ គឺអាចមានឈ្មោះបែបនេះបានដូចគ្នា។

អ្នកនាង Mae បានបន្តទៀតថា ចំពោះរូបមន្តសម្លក្តាមនេះ គឺជារូបមន្តដែលបានមកពីការច្នៃឡើងរវាងអ្នកនាងនិងមិត្តប្រុស ដោយយកគ្រឿងកែងខាងភូមិភាគខាងត្បូងមកផ្សំជាមួយក្បាលខ្ទិះ ដែលមានរសជាតិមិនហឹរពេក រសជាតិឆ្ងាញ់ប្លែកខុសពីគេ។ ទម្រាំតែបានរសជាតិបែបនេះ គឺចំណាយពេលជាង១ខែ ទើបទទួលជោគជ័យក្នុងការលក់ដូចសព្វថ្ងៃ។

អ្នកនាង Mae បានបន្តទៀតថា ហាងនំបញ្ចុកសម្លរក្តាមនេះអ្នកនាងបើកបានរយៈពេលជិត ២ឆ្នាំហើយ តាំងពីកូវីដលើកទី១ ដោយនាងគិតថា ហាងនំបញ្ចុកនាងគឺមានគេស្គាល់ច្រើន ដោយសារតែសម័យកូវីដនេះហើយ ម្យ៉ាងវិញទៀតអតិថិជនគោលដៅរបស់អ្នកនាងគឺរាប់បញ្ចូលទាំងចាស់ៗដែលមិនចេះកម្ម៉ង់តាមអនឡាញ ដែលនិយមចូលចិត្តទទួលទានអាហារប្រភេទនេះ គឺមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានផងដែរ។ ដោយសារការយកចិត្តទុកដាក់អតិថិជនយ៉ាងខ្លាំង នេះហើយអាចជាចំនុចពិសេសសម្រាប់អាជីវកម្មរហូតទទយលបានជោគជ័យ។ បច្ចុប្បន្នអ្នកនាង Mae បានថែមនៅជម្រើសមុខម្ហូបផ្សេងទៀតដូចជា ចក្តាម រឺប្រហិតក្តាម ក៏ជាមុខម្ហូបដែលអ្នកនាងលក់ដាច់ប្រចាំហាងផងដែរ។ ជាមួយគ្នានេះ ដោយសារតែមានការទាក់ទងសុំទិញក្នុងលក្ខណៈជា ហ្វ្រេនឆាយ ទើបអ្នកនាងកំពុងសិក្សាពីការលក់ជាកញ្ចប់ហ្វ្រេនឆាយ ដោយបច្ចុប្បន្នអ្នកនាងបានពង្រីកសាខា ៣មកហើយ ក្នុងគោលបំណងជាគំរូសម្រាប់ការលក់ជាហ្វេ្រនឆាយនាពេលអនាគត៕

អត្ថបទ៖ Bee

ប្រភព៖ sentangsedtee

 

Share This Post: