អន្តរជាតិ

ថៃ៖ អាយុគ្រាន់តែជាតួលេខ! លោកយាយវ័យ ៨៤ឆ្នាំតស៊ូធាក់កង់រាប់គីឡូដីទៅរៀន រហូតប្រឡងបញ្ចប់ថ្នាក់ទី៦ បានតាមបំណង

BY
autoadmin
June 29, 2022

ថៃ៖ ជាការពិតណាស់អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ក្រោយលោកគ្រូម្នាក់បានផុសរូប លោកយាយជនជាតិថៃ វ័យ ៨៤ឆ្នាំម្នាក់ ស្លៀកសម្លៀកបំពាក់សិស្សសាលាធាក់កង់ទៅប្រឡងបញ្ចប់ថ្នាក់ទី៦ បានជោគជ័យព្រមទាំងបានទទួលការសរសើរលើកទឹកចិត្តពីសំណាកបងប្អូនបណ្តាញសង្គមអនឡាញជាច្រើន។​ ទន្ទឹមនឹងនេះ លោកយាយក៏ត្រូវបានលោកគ្រូដែលបានបង្ហោះរូបលោកយាយឈ្មោះថា Wutthichai បានកោតសរសើរ និងលើកធ្វើជាគំរូសម្រាប់យុវវ័យសម័យថ្មី។

បើតាមលោកគ្រូ Wutthichai បានអោយដឹងថា លោកយាយវ័យ ៨៤ឆ្នាំរូបនេះមានឈ្មោះថា កេសន សុខស៊ើម ដោយសារតែកាលពីដើមឡើយលោកយាយរៀនបានត្រឹមថ្នាក់ទី៤តែប៉ុណ្ណោះ ទើបថ្មីៗនេះលោកយាយបានទទួលឱកាសពី NSO ឬ ការអប់រំក្រៅប្រព័ន្ធ ដែលបានផ្តល់ឱកាសអោយលោកយាយបានរៀនសូត្ររហូតបានសម្រេចបំណងប្រាថ្នា។

លោកយាយបានមានប្រសាសន៍ថា កាលពីមុនលោកយាយ បានរៀនត្រឹមថ្នាក់ទី៤ទេ មិនមានឱកាសបានរៀនខ្ពស់ដូចក្មេងជំនាន់នេះទេ នៅពេលដែលលោកយាយមានឱកាសបានមករៀន គឺលោកយាយសប្បាយណាស់ ព្រោះមានមិត្តភក្តិច្រើន។ ចំណែកមិត្តរួមថ្នាក់សុទ្ធតែវ័យកូន ចៅទាំងអស់ ពួកគេញញឹមដាក់យាយ ស្នាមញញឹមទាំងនោះធ្វើអោយយាយមានសេចក្តីសុខណាស់។ លោកយាយបានបន្តទៀតថា លោកយាយធាក់កង់មករៀនដោយខ្លួនឯង ព្រោះមិនចង់រំខានកូនចៅដែលត្រូវធ្វើការទេ បើគិតពីចំងាយផ្លូវទាំងទៅទាំងមកគឺប្រមាណ ២គីឡូម៉ែត្រតែប៉ុណ្ណោះ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: