ទីបំផុត ប្រទេសទួរគីបានយល់ព្រមគាំទ្រស៊ុយអែត និងហ្វាំងឡង់ ក្នុងចូលរួមជាមួយអង្គការណាតូ
- BY
- autoadmin
- June 29, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសទួរគីបានយល់ព្រមគាំទ្រ ប្រទេសស៊ុយអែត និងហ្វាំងឡង់ ក្នុងចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីខ្លួនបានជំទាស់យ៉ាងដាច់អហង្ការ កាលពីកំឡុងពេលប្រទេស Nordic ទាំង ២ បានដាក់ពាក្យជាសមាជិកភាពដំបូងៗ។ រំលឹកផងដែរថា ទួរគីមិនបានគាំទ្រប្រទេសស៊ុយអែត និងហ្វាំងឡង់ នៅក្នុងដំណើរចូលរួមជាសមាជិកអង្គការណាតូនោះទេ ដោយសារខ្លួននៅមានការខឹងសម្បារចំពោះប្រទេសទាំង ២ ជុំវិញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធឃឺដ ដែលទួរគីចាត់ទុកថា ពួកគេជាក្រុមភេរវករ។ ស៊ុយអែត និងហ្វាំងឡង់ នឹងមិនអាចចូលរួមជាមួយណាតូបានពេញលេញនោះឡើយ ប្រសិនគ្មានការគាំទ្រពីប្រទេសណាមួយដែលជាសមាជិកណាតូ។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង ៣ បានចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខរួមគ្នាមួយ ដែលដោះស្រាយកង្វល់របស់ប្រទេសទួរគីចំពោះភាគីទាំងសងខាង។ ប្រធានអង្គការណាតូលោក Jens Stoltenberg បាននិយាយថា ប្រទេសស៊ុយអែតបានយល់ព្រមពន្លឿនការងាររបស់ខ្លួន លើសំណើធ្វើបត្យាប័នទួរគីលើជនសកម្មប្រយុទ្ធដែលសង្ស័យ។ ជាមួយគ្នានេះដែរ ប្រទេស Nordic ទាំង ២ ក៏នឹងលុបចោលការរឹតបន្តឹងរបស់ពួកគេលើការលក់អាវុធទៅឱ្យទួរគីផងដែរ។ ពោលគឺ ប្រទេសស៊ុយអែត និងហ្វាំងឡង់ យល់ថាវាជាជំហានសំខាន់សម្រាប់ពួកគេ ខណៈការិយាល័យប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថា ខ្លួនបានទទួលនូវអ្វីដែលខ្លួនចង់បានពីប្រទេសទាំង ២ ដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






