ទាហានអ៊ុយក្រែនចំនួន ១៤៤ នាក់ ត្រូវបានដោះលែងមកវិញ នៅក្នុងការដោះដូរអ្នកទោសដ៏ធំបំផុតមួយ ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្ដើម
- BY
- autoadmin
- June 30, 2022
ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែនបាននិយាយថា ប្រទេសអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីប្រទេសរុស្ស៊ីបានចូលឈ្លានពាន ដោយការទទួលបានមកវិញនូវទាហានចំនួន ១៤៤នាក់ រួមទាំង ៩៥នាក់ ដែលជាកម្លាំងការពារនៅតំបន់ Mariupol។ ទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា ភាគច្រើននៃពលរដ្ឋទាំងនោះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយគ្រាប់កាំភ្លើង និងគ្រាប់ផ្ទុះ ក៏ដូចជាការរលាក បាក់ឆ្អឹង និងការដាច់អវយវៈផ្សេងៗ។ មិនមានការអត្ថាធិប្បាយណាមួយពីភាគីរុស្ស៊ីអំពីការដោះដូរអ្នកទោសនោះទេ ប៉ុន្តែប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk ដែលជាអាយ៉ងរបស់រុស្ស៊ី បាននិយាយថា ខ្លួនបានធានាការដោះលែងទាហាន ១៤៤នាក់ រួមទាំងអ្នកប្រយុទ្ធអ៊ុយក្រែន និងទាហានរុស្ស៊ីផងដែរ។

យ៉ាងណាក៏ដោយ ជនជាតិអ៊ុយក្រែនរាប់រយនាក់ទៀតនៅតែត្រូវបានគេជឿថា នៅជាប់ឃុំខ្លួននៅឡើយ ប៉ុន្តែកន្លែងលាក់ខ្លួនច្បាស់លាស់របស់ពួកគេ មិនត្រូវបានគេដឹងនោះទេ។ រដ្ឋធានីគៀវ ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់អ្នកប្រយុទ្ធរាប់រយនាក់ ដែលមកពីកងវរសេនាធំ Azov ដែលបានដើរតួយ៉ាងសំខាន់ក្នុងការការពារតំបន់ Mariupol និងរោងចក្រដែក Azovstal នៅអំឡុងពេលដែលរុស្ស៊ីបានឡោមព័ទ្ធទីក្រុងកំពង់ផែមួយនោះ ហើយកងកម្លាំងការពារត្រូវបង្ខំចិត្តទម្លាក់អាវុធចុះចាញ់។ ការផ្លាស់ប្តូរអ្នកទោសរួមមានទាំងការប្រគល់សមាជិក ៤៣នាក់ នៃកងវរសេនាធំ Azov ដែលជាអង្គភាពឆ្មាំជាតិដែលរុស្ស៊ីហៅថាជាកងវរសេនាតូចស្តាំជ្រុលដ៏គ្រោះថ្នាក់។ វាជាសញ្ញាល្អមួយសម្រាប់ប្រជាជនអ៊ុយក្រែនដែលសង្ឃឹមថា នឹងមានការដោះលែងអ្នកប្រយុទ្ធផ្សេងទៀត៕




អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






