លោក Ferdinand Marcos Jr នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនបន្ដពីលោក Rodrigo Duterte នៅថ្ងៃនេះ
- BY
- autoadmin
- June 30, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោក Ferdinand Marcos Jr នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន បន្តវេនពីមេដឹកនាំអស់អាណត្តិ គឺលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។ លោក Marcos Jr ដែលមានឈ្មោះហៅក្រៅថា Bong Bong បានឈ្នះបានសំឡេង ៦០% នៅក្នុងការបោះឆ្នោត យកឈ្នះគូប្រជែងរបស់គាត់គឺលោកស្រី Leni Robredo។ ជ័យជម្នះរបស់គាត់ គឺជាការត្រឡប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់គ្រួសារត្រកូល Marcos ដែលធ្លាប់ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីការបះបោរដ៏ពេញដ៏ធំនៅឆ្នាំ១៩៨៦។ ជាមួយគ្នានេះ កូនស្រីរបស់ប្រធានាធិបតី Rodrigo Duterte គឺលោកស្រី Sara Duterte ក៏នឹងត្រូវស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីផងដែរ។

លោក Marcos Jr នឹងស្បថចូលកាន់តំណែងនៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ (ម៉ោង ៤ និង ០០ នាទី GMT) នៅសារមន្ទីរជាតិក្នុងទីក្រុងម៉ានីល។ ឥស្សរជនក្នុងស្រុក និងបរទេសរាប់រយនាក់នឹងចូលរួម ហើយបុគ្គលិកសន្តិសុខប្រហែល ១៥,០០០ នាក់ នឹងត្រូវដាក់ពង្រាយនៅទូទាំងរដ្ឋធានីហ្វីលីពីន សម្រាប់ព្រឹត្តិការណ៍នេះ។ វាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលក្នុងទីក្រុងម៉ានីល បានសម្រេចថា ការជាប់ទោសចំពោះការគេចពន្ធមិនបានធ្វើឱ្យប្រធានាធិបតីថ្មីរូបនេះ អស់សិទ្ធិក្នុងការចូលកាន់តំណែងនោះទេ។ គួរឱ្យដឹងដែរថា ការឈ្នះឆ្នោតរបស់លោក Marcos Jr គឺជាទីបញ្ចប់នៃការតស៊ូ អស់រយៈពេលជាច្រើនទសវត្សរ៍របស់ត្រកូល Marcos ដើម្បីដណ្តើមយកសិរីរុងរឿងនយោបាយរបស់ពួកគេមកវិញ។ រំលឹកដែរថា ឪពុករបស់គាត់ គឺលោក Ferdinand បានដឹកនាំប្រទេសពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៨៦ ហើយគាត់បានដាក់ចេញច្បាប់អាជ្ញាសឹក និងជាអធិបតី នៅអំឡុងពេលមានការរីករាលដាលលើការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងភាពក្រីក្រនៅក្នុងប្រទេសនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






