អន្តរជាតិ

លោក ពូទីន ព្រមាននឹងចាត់វិធានការតាមស្ថានភាពជាក់ស្ដែង ប្រសិនបើអង្គការណាតូដាក់ពង្រាយកម្លាំងនៅហ្វាំងឡង់ និងស៊ុយអែត

BY
autoadmin
June 30, 2022

លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ទីក្រុងមូស្គូនឹងឆ្លើយតបទៅតាមស្ថានភាពជាក់ស្ដែង ប្រសិនបើអង្គការណាតូដាក់ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត។ ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អង្គការណាតូ នៅក្នុងការចេញលិខិតអញ្ជើញជាផ្លូវការទៅកាន់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមជាសមាជិកផ្លូវការ លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីមិនមានបញ្ហាជាមួយប្រទេសទាំង ២ ដូចដែលខ្លួនមានជាមួយអ៊ុយក្រែននោះទេ ប៉ុន្តែ​បាន​និយាយ​ថា «បើ​គេ​ចង់​បានបែបនោះ ក៏ធ្វើវាទៅចុះ»។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមថា ប្រសិនបើកងទ័ពណាតូ និងហេដ្ឋារចនាសម្ព័ន្ធណាមួយ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសទាំង ២ នោះប្រទេសរុស្ស៊ីនឹងត្រូវបង្ខំចិត្តឆ្លើយតបទៅតាមនោះ ហើយធ្វើឱ្យដូចគ្នា ទៅតាមទំហំនៃការគំរាមកំហែងដែលមានមកលើរុស្ស៊ី។ លោកបានបន្ថែមថា អ្វីៗដំណើរការល្អរវាងរុស្ស៊ី និងប្រទេសទាំង ២ កន្លងមក ប៉ុន្តែ «ឥឡូវនេះនឹងមានភាពតានតឹង»។

ឆ្លើយតបទៅសំណួរពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលពីសំណាក់រុស្ស៊ី ​លើ​ផ្សារ​ទំនើប​មួយ ​ក្នុង​ទីក្រុង Kremenchuk ភាគ​កណ្តាលនៃប្រទេស​អ៊ុយក្រែន លោក ពូទីន ​បាន​អះអាង​ថា កង​កម្លាំង​រុស្ស៊ី​មិន​វាយ​ប្រហារ​កន្លែង​ជន​ស៊ីវិល​ទេ។ លោក ពូទីន ក៏បានប្តេជ្ញាបន្តនូវជំហររបស់គាត់ចំពោះ «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ដោយគាត់បានបន្ថែមថា មិន​ចាំ​បាច់​កំណត់​កាល​បរិច្ឆេទ ​សម្រាប់​ការ​បញ្ចប់​យុទ្ធនាការ​នេះ​ទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: