អន្តរជាតិ

អ៉ីស្រាអែល បានប្រកាសរំលាយ សភា មុនពេលការបោះឆ្នោតថ្មីជាលើកទី៥ ចូលមកដល់

BY
autoadmin
July 1, 2022

យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា សភាអ៉ីស្រាអែលបានរំលាយសភាមុនពេលការបោះឆ្នោតថ្មីលើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ខណៈលោក Yair Lapid ដែលជាមេដឹកនាំគណបក្សកណ្តាល នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោក Naftali Bennett នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន នៅថ្ងៃសុក្រទី០១ ខែកក្កដានេះ រហូតទាល់តែរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។

ការរំលាយនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបច្ចុប្បន្ន ដែលបង្កើតឡើងដោយសម្ព័ន្ធភាពនយោបាយរបស់លោក Lapid និង Bennett បានបែកបាក់​គ្នា​នៅក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​របស់​អ៉ីស្រាអែល។ សម្ព័ន្ធភាពនយោបាយរបស់លោក Lapid និង Bennett ត្រូវបានបង្កើតឡើងដោយគណបក្សនយោបាយចំនួនប្រាំបីមកពីគ្រប់ភាគី រួមទាំងភាគីដែលមានទស្សនៈផ្ទុយគ្នាខាងមនោគមវិជ្ជា ហើយ​ក៏មាន​គណបក្ស​អារ៉ាប់​ឯករាជ្យ​ជាលើកដំបូង​ចាប់តាំងពី​ការបង្កើត​របស់​អ៉ីស្រាអែល​ក្នុង​ឆ្នាំ១៩៤៨ ផងដែរ។

លោក Lapid និងលោក Bennett ដើមឡើយបានយល់ព្រមប្តូរវេនធ្វើជាអធិការបតី ហើយលោក Bennett នឹងបម្រើមុនដំបូង ដែលកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចម្រុះ បន្ទាប់មក Bennett នឹងប្រគល់អំណាចទៅឱ្យលោក Lapid នៅខែកញ្ញា ២០២៣។

យ៉ាងណាមិញ បើទោះបីជាលោក Bennett មានការខិតខំប្រឹងប្រែងដើម្បីផ្តោតលើបញ្ហាដែលរដ្ឋាភិបាលចម្រុះអាចធ្វើការជាមួយគ្នាបានក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ចាប់​ផ្តើមប្រឆាំង​គ្នា​នៅ​ដើម​ឆ្នាំ​ទី១​ នៃ​អាណត្តិ ហើយវាបានក្លាយជារដ្ឋាភិបាលភាគតិច នៅពេលដែលសមាជិកនៃគណបក្ស Yaminah បានលាលែងពីតំណែងនៅដើមខែមិថុនា សូម្បី​តែ​សេចក្តី​ព្រាង​ច្បាប់​របស់​សភា​ក៏​ត្រូវ​បាន​ពន្យារ​ជា​ច្រើន​ដង​ដែរ ហើយវាក៏ជាសញ្ញា​នៃ​ការ​បែកបាក់​និងជូរចត់បំផុតដែលមាន​នៅ​ក្នុង​សភា ខណៈដែលលោក Bennett បានបញ្ជាក់អោយដឹងថា លោកនឹងមិនឈរឈ្មោះក្នុងបញ្ជីបោះឆ្នោត នាខែវិច្ឆិកានេះទេ ហើយលោកនឹងនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់ពេលកំណត់៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: