ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំអង្គការណាតូបានប្រកាសថា រុស្ស៊ីគឺជាការគំរាមកំហែងដោយផ្ទាល់ និងសំខាន់បំផុតចំពោះសន្តិសុខរបស់ពួកគេ

    BY autoadmin July 1, 2022
    មេដឹកនាំអង្គការណាតូបានប្រកាសថា រុស្ស៊ីគឺជាការគំរាមកំហែងដោយផ្ទាល់ និងសំខាន់បំផុតចំពោះសន្តិសុខរបស់ពួកគេ

    មេដឹកនាំនៃប្រទេសជាសមាជិករបស់អង្គការណាតូបានប្រកាសថា ប្រទេសរុស្ស៊ីគឺជា «ការគំរាមកំហែងដោយផ្ទាល់ និងសំខាន់បំផុត» ចំពោះសន្តិសុខរបស់ពួកគេ។ ពួកគេនិយាយថា ការលុកលុយទៅលើអ៊ុយក្រែនបានបង្ហាញថា ទីក្រុងមូស្គូកំពុងព្យាយាមបង្កើតឥទ្ធិពលតាមរយៈ «ការបង្ខិតបង្ខំ បង្ហិនបង្ហោច ការឈ្លានពាន និងរឹបអូសយក»។ ជម្រាបដែរថា មេដឹកនាំសមាជិកណាតូបាន​បញ្ចប់​កិច្ច​ពិភាក្សា​រយៈពេល ២​ថ្ងៃ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ជាមួយនឹងទិសដៅយុទ្ធសាស្ត្រថ្មី និងការពង្រឹងទំនាក់ទំនងរបស់ពួកគេ។ នៅក្នុងកិច្ចប្រជុំនោះ ក៏ជាពេលដែលហ្វាំងឡង់ និងស៊ុយអែត ត្រូវបានអង្គការណាតូអញ្ជើញឱ្យធ្វើជាសម្ព័ន្ធមិត្ត ដើម្បីឈ្ពោះទៅកាន់ភាពជាសមាជិកជាផ្លូវការ។

    អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ការសម្រេចចិត្តដែលមេដឹកនាំទាំងអស់បានធ្វើនៅទីក្រុងម៉ាឌ្រីដ នឹងធានាថា សម្ព័ន្ធភាពទាំងអស់នឹងបន្តរក្សាសន្តិភាព ទប់ស្កាត់ជម្លោះ និងការពារប្រជាជន និងតម្លៃរបស់ពួកគេ។ សម្ព័ន្ធមិត្តយើងជឿថា «ភាពរឹងមាំ និងឯករាជ្យភាពរបស់អ៊ុយក្រែន» មានសារៈសំខាន់សម្រាប់ស្ថិរភាព។

    ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បាននិយាយថា លោកនឹងប្រកាសផ្តល់ជំនួយ ៨០០ លានដុល្លារបន្ថែមទៀត ដើម្បីពង្រឹងវិស័យការពារជាតិអ៊ុយក្រែន។ លោកបាននិយាយថា លោកបានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីផលវិបាកនៃសកម្មភាពរបស់ទីក្រុងមូស្គូ។ លោក បៃដិន បាននិយាយថា ការលុកលុយនឹងជំរុញឱ្យមានការឆ្លើយតបទូទាំងពិភពលោក ដោយប្រមូលផ្តុំសម្ព័ន្ធមិត្តប្រជាធិបតេយ្យ និងដៃគូមកពីមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក ដើម្បីផ្តោតលើបញ្ហាប្រឈមដែលមានសារៈសំខាន់ចំពោះអនាគតរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Deutsche Welle

    Share This Post: