កូរ៉េខាងជើងបានអះអាងថា បាឡុងដែលបង្ហោះចេញពីកូរ៉េខាងត្បូងគឺជាមូលហេតុ ដែលធ្វើឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន
- BY
- autoadmin
- July 1, 2022
ប្រទេសកូរ៉េខាងជើងបាននិយាយថា ការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន គឺបានចាប់ផ្តើមឡើង បន្ទាប់ពីពលរដ្ឋរបស់ខ្លួន បានប៉ះពាល់បាឡុងដែលហោះចេញពីកូរ៉េខាងត្បូង។ ទូរទស្សន៍រដ្ឋកណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា អាជ្ញាធរសុខាភិបាលបានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន អំពីរបៀបដែលជំងឺ COVID-19 អាចចូលក្នុងប្រទេសនេះបាន ដោយបញ្ជាក់ថា មានទាហានវ័យ ១៨ ឆ្នាំម្នាក់ បានប៉ះពាល់អ្វីដែលខ្លួនហៅថា «វត្ថុចម្លែក» នៅមូលដ្ឋានយោធាក្នុងខេត្ត Gangwon ជិតព្រំដែនជាមួយកូរ៉េខាងត្បូង។ បន្ថែមពីនោះ ក៏មានសិស្សសាលាមត្តេយ្យអាយុ ៥ ឆ្នាំម្នាក់ បានប៉ះរបស់ស្រដៀងគ្នា នៅលើភ្នំមួយក្នុងខេត្តដដែលនោះ។
ឧប្បត្តិហេតុទាំង ២ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅដើមខែមេសា ហើយអ្នកទាំង ២ ត្រូវបានគេនិយាយថា មានរោគសញ្ញា ហើយក្រោយមកត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺ COVID-19 ។ ការផ្ទុះឡើងនៅទូទាំងប្រទេសក៏បានចាប់ផ្តើម បន្ទាប់ពីមនុស្សមកពីតំបន់នោះបានធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាងកាលពីពាក់កណ្តាលខែមេសា។ អាជ្ញាធរសុខាភិបាលកូរ៉េខាងជើង មិនបានផ្តល់ព័ត៌មានលម្អិតអំពី «វត្ថុចម្លែក» នោះទេ ប៉ុន្តែបាននិយាយថា ពួកវាជាប់នឹងបាឡុង។ ជម្រាបដែរថា បាឡុងទាំងនោះមានភ្ជាប់លិខិត ដែលរិះគន់ដល់ដឹកនាំរបស់កូរ៉េខាងជើង បង្ហោះដោយក្រុមអ្នកភៀសខ្លួនចេញពីកូរ៉េខាងជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង៕
អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post: