រដ្ឋមន្ត្រីម៉ាឡេស៊ី អំពាវនាវដល់ពលរដ្ឋម៉ាឡេស៊ី ដែលធ្វើដំណើរទៅប្រទេសថៃ ឱ្យជៀសវាងអាហារ ឬភេសជ្ជៈមានផ្ទុកសារធាតុកញ្ឆា ព្រោះវានៅខុសច្បាប់របស់ម៉ាឡេសុីនៅឡើយ
- BY
- autoadmin
- July 1, 2022
សារព័ត៌មាន The World of Buzz បានរាយការណ៍ថា លោក Dato Sree Hamzah bin Sinudin រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម៉ាឡេស៊ី បានថ្លែងអំពាវនាវដល់ពលរដ្ឋម៉ាឡេស៊ី ដែលធ្វើដំណើរទៅប្រទេសថៃអោយធ្វើការជៀសវាង អាហារ ឬភេសជ្ជៈ ដែលមានផ្ទុកសារធាតុកញ្ឆា បើទោះជាប្រទេសថៃបានដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនប្រភេទទី៥ កាលពីដើមខែមិថុនាក៏ដោយ ប៉ុន្តែកញ្ឆានៅតែត្រូវបានគេចាត់ទុកថាជាថ្នាំខុសច្បាប់នៅប្រទេសម៉ាឡេស៊ីនៅឡើយទេ។
អ្នកយកព័ត៌មានពី Kuang Wah បានសួរថា តើមានអ្វីកើតឡើងចំពោះអ្នកដែលទទួលទានអាហារដែលផ្សំពីកញ្ឆាដោយចៃដន្យ ពេលកំពុងវិស្សមកាលនៅប្រទេសថៃ? លោក Dato Sree Hamzah បាននិយាយថា នឹងមិនមានការធ្វើតេស្តគ្រឿងញៀនលើជនស៊ីវិលម៉ាឡេស៊ីទាំងអស់ដែលត្រឡប់មកពីប្រទេសថៃទេ ទោះយ៉ាងណាក៏ដោយ ប្រសិនបើបុគ្គលណាម្នាក់បរិភោគ ឬផឹកសារធាតុដែលមានផ្ទុកកញ្ឆា ហើយត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តខុសច្បាប់ បុគ្គលនោះនឹងត្រូវធ្វើតេស្តទឹកនោមរកសារធាតុ បន្ទាប់មកពួកគេនឹងត្រូវស៊ើបអង្កេតហើយក៏ត្រូវពន្យល់ប្រាប់អាជ្ញាធរថាហេតុអ្វីបានជាមានសារធាតុញៀនក្នុងខ្លួន។ អាជ្ញាធរម៉ាឡេស៊ីគ្មានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃទេ ប៉ុន្តែប្រជាជនម៉ាឡេស៊ីក៏ត្រូវគោរពច្បាប់របស់ប្រទេសខ្លួនផងដែរ។ ជាមួយគ្នានេះ លោក Dato Seri Hamzah បានបញ្ជាក់ជាថ្មីថា ការប្រុងប្រយ័ត្នគួរត្រូវបានអនុវត្តនៅពេលធ្វើដំណើរទៅបរទេស ហើយវាជាការល្អបំផុតដើម្បីជៀសវាងការទទួលទានកញ្ឆា៕
អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post: