អន្តរជាតិ

សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រព័ន្ធមីស៊ីលពីដីទៅអាកាស NASAMS ចំនួន ២ ទៅកាន់ប្រទេសអ៊ុយក្រែន

BY
autoadmin
July 2, 2022

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រព័ន្ធមីស៊ីលពីដីទៅអាកាស NASAMS ចំនួន ២, រ៉ាដាប្រឆាំងកាំភ្លើងធំចំនួន ៤ និងគ្រាប់រំសេវកាំភ្លើងធំរហូតដល់ ១៥០,០០០ ដុំ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកញ្ចប់ជំនួយអាវុធចុងក្រោយបំផុតរបស់ខ្លួន។ កញ្ចប់ជំនួយដែលមានតម្លៃប្រហែល ៨២០ លានដុល្លារ ត្រូវបានប្រកាសយ៉ាងទូលំទូលាយ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ាឌ្រីដ បន្ទាប់ពីការប្រមូលផ្តុំមេដឹកនាំណាតូ ដែលផ្តោតលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រជាជនអ៊ុយក្រែនបន្តប្រឈមមុខនឹងភាពឃោរឃៅ ដែលបានគូសបញ្ជាក់ម្តងទៀតក្នុងសប្តាហ៍នេះ ដោយការវាយប្រហារតាមអាកាសលើផ្សារទំនើបមួយកន្លែង ដែលពោរពេញទៅដោយជនស៊ីវិល។ ពួកគេនៅតែបន្តប្រយុទ្ធដើម្បីជាតិរបស់ពួកគេ ហើយសហរដ្ឋអាមេរិកនៅតែបន្តឈរក្បែរពួកគេ និងបុព្វហេតុរបស់ពួកគេ»។

គួររំលឹកដែរថា យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានបាញ់មីស៊ីលប្រភេទ Kh-22 ទៅលើផ្សារទំនើបមួយកន្លែង នៅកណ្តាលទីក្រុង Kremenchuk កាលពីថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់។ ការវាយប្រហារនោះ បានទាក់ទាញការថ្កោលទោសពីមេដឹកនាំលោកខាងលិច និងសម្តេចប៉ាប ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទរបស់អ៊ុយក្រែន ដោយនិយាយថា មីស៊ីលបានវាយប្រហារហាងលក់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដែលនៅជាប់នឹងផ្សារទំនើបនោះ ទើបបណ្តាលឱ្យមានការឆាបឆេះឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: