តែប៉ុណ្ណេះប៉ូលិសធ្វើសុីផ្តេសផ្តាសលែងបានហើយ! វៀតណាមដាក់លេខទូរស័ព្ទ (Hotline) សម្រាប់រាយការណ៍ករណីអំពើពុករលួយរបស់មន្ត្រីចរាចរណ៍ខ្លួន
វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារនេះថា វៀតណាមបានដាក់ប្រព័ន្ធទូរស័ព្ទ (Hotline) បន្ទាន់មួយសម្រាប់ងាយស្រួលប្រជាពលរដ្ឋក្នុងការរាយការណ៍ពីការពីបទពុករលួយរបស់ប៉ូលិស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយកាលពីថ្ងៃអង្គារ ចំពេលមានការបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលបានមន្ត្រីរាប់សិបនាក់ត្រូវបានជាប់ទោស ដោយសាររឿងពុករលួយនេះ។ កាលពីថ្ងៃសុក្រ តុលាការវៀតណាមបានផ្តន្ទាទោសមន្ត្រីប៉ូលិសជាន់ខ្ពស់ពីរនាក់ឱ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំពីបទរត់ការហ្គេមអនឡាញ ដែលបានប្រមូលលុយរាប់រយលានដុល្លារពីអ្នកលេងខុសច្បាប់។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្លូវការ (VNA) ក៏បានឱ្យដឹងដែរថា៖ «ក្នុងករណីបើអ្នកផ្តល់ដំណឹងមិនប្រកាសឈ្មោះពេញ អាស័យដ្ឋាន និងលេខទូរស័ព្ទរបស់ខ្លួន ឬព័ត៌មានមិនគ្រប់គ្រាន់ និងមិនត្រឹមត្រូវ ពួកអ្នកប្តឹងក៏មានទោសពីបទរំខានមន្ត្រី ដែលកំពុងបំពេញភារកិច្ចដូចគ្នា» ។ យ៉ាងណាមិញគេសង្កេតឃើញថារឿងពុករលួយក្នុងប្រទេសវៀតណាមគឺស្ទើតែជារឿងធម្មតា ជាពិសេសគឺតាមផ្លូវធ្វើដំណើរដោយប៉ូលិសចរាចរណ៍បានទទួលសំណូកពីសំណាក់អ្នកបើកបរនៅនឹងកន្លែងផ្ទាល់តែម្តង។ ហើយចំពោះលេខទូរសព្ទ (Hotline) សម្រាប់រាយការណ៍អំពីអំពើពុករលួយគឺមិនមែនសម្រាប់តែប៉ូលិសចរាចរណ៍ទេ គឺគ្រប់ថ្នាក់និងក្របខណ្ឌ៕
អត្ថបទ៖ លីដា
ប្រភព៖ reuters