អន្តរជាតិ

រអិលបាក់ដីដ៏ធំដោយសារភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សចំនួន ៥០នាក់ ខណៈមនុស្ស ២០នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន

BY
autoadmin
July 4, 2022

ក្រុមជួយសង្គ្រោះនៅរដ្ឋ Manipur ភាគឦសាននៃប្រទេសឥណ្ឌា កំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ២០នាក់ ខណៈមនុស្សជាង ៥០នាក់ បានបាត់បង់ជីវិតក្នុងការរអិលបាក់ដីដ៏ធំដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារការដ្ឋានសាងសង់ផ្លូវដែកមួយ កាលពីល្ងាចថ្ងៃពុធសប្ដាហ៍មុន។ ជនរងគ្រោះភាគច្រើនជាកម្មករ និងជាសមាជិកនៃកម្លាំងស្ម័គ្រចិត្តនៃកងទ័ពឥណ្ឌា។ ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីថ្មីៗ បានរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ គួរឱ្យដឹងដែរថា ភ្លៀងមូសុងបានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងរដ្ឋភាគឦសាននៃប្រទេសឥណ្ឌា ជាពិសេសនៅរដ្ឋ Assam, Manipur, Meghalaya និង Tripura ។

ផលប៉ះពាល់មានសភាពធ្ងន់ធ្ងរជាពិសេសនៅក្នុងរដ្ឋ Assam ដែលមនុស្សជាង ១៥០នាក់ បានស្លាប់ នៅក្នុងទឹកជំនន់ និងការរអិលបាក់ដី ខណៈមនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ។ មនុស្សចំនួន ១៨នាក់ ត្រូវបានគេយកចេញពីទីតាំងរងគ្រោះ ហើយក្រុមមន្ត្រីបាននិយាយថា មានតែអព្ភូតហេតុទេ ទើបអាចស្រោចស្រង់ជីវិតអ្នកផ្សេងទៀតបាន។ ជាមួយគ្នានេះ កំទេចកំទីនៅទីតាំងរងគ្រោះ និងសំណើមដី ធ្វើឱ្យអ្នកសង្គ្រោះពិបាកប្រើប្រាស់គ្រឿងចក្រ នៅតំបន់នោះ ដើម្បីស្វែងរកជនរងគ្រោះផ្សេងទៀត។ ជំនួសមកវិញ ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់បច្ចេកវិទ្យារ៉ាដា ដើម្បីស្វែងរកមនុស្ស ដែលនៅតែកប់ក្នុងកំទេចកំទី។ ទីតាំងនៃការរអិលបាក់ដីនេះ គឺជាផ្នែកមួយនៃខ្សែរថភ្លើងដែលកំពុងត្រូវបានសាងសង់ ដើម្បីភ្ជាប់ស្រុក Jiribam ជាមួយរដ្ឋធានី Imphal របស់រដ្ឋ Manipur ៕ 

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: