រដ្ឋាភិបាលអ៊ុយក្រែនបង្ហាញផែនការស្តារប្រទេសឡើងវិញជា ៣ ដំណាក់កាល នៅក្នុងសន្និសីទអន្តរជាតិមួយក្នុងប្រទេសស្វីស
- BY
- autoadmin
- July 5, 2022
រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងសន្និសីទអន្តរជាតិមួយក្នុងទីក្រុង Lugano ប្រទេសស្វីស «ស្តីពីការស្តារអ៊ុយក្រែន» បានបង្ហាញផែនការចំនួន ៣ដំណាក់ កាលសម្រាប់ការស្តារប្រទេស ដែលហែកហួរដោយសង្រ្គាមនេះឡើងវិញ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានប្រាប់សន្និសីទនៅថ្ងៃចន្ទនេះថា ផែនការនេះត្រូវបានប៉ាន់ស្មានរួចហើយថា នឹងចំណាយអស់ ៧៥០ ពាន់លានដុល្លារ។ សន្និសីទអន្តរជាតិមួយនេះ បានប្រមូលផ្តុំមន្ត្រីនានាមកពីប្រទេសចំនួន ៤០ និងរួមបញ្ចូលសហភាពអឺរ៉ុប ធនាគារពិភពលោក និងអង្គភាពអន្តរជាតិ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានចូលរួមកិច្ចប្រជុំតាមអ៉ីនធឺណិតផងដែរ ហើយលោកបាននិយាយថា ការកសាងឡើងវិញរបស់អ៊ុយក្រែនមិនមែនជាគម្រោងសម្រាប់ប្រជាជាតិតែមួយទេ ប៉ុន្តែជាកិច្ចការរួមសម្រាប់ពិភពលោកប្រជាធិបតេយ្យទាំងមូល។ លោកនាយករដ្ឋមន្ត្រី Denys Shmyhal បាននិយាយថា ផែនការនេះមាន ៣ ដំណាក់កាល ដោយទី១ គឺការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដូចជាការផ្គត់ផ្គង់ទឹក និងស្ពានជាដើម ហើយបន្ទាប់មកគឺគម្រោងរួមមាន៖ មន្ទីរពេទ្យ និងសាលារៀន។
លោកបាននិយាយថា បន្ទាប់មកទៀតអ៊ុយក្រែននឹងធ្វើការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ទៅជាប្រទេសដែលមានភាពស្និទ្ធស្នាលនឹងបរិស្ថាន។ លោកបានស្នើថា ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅភាគខាងលិច និងប្រទេសដទៃទៀត ដែលជាផ្នែកនៃទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ គួរតែត្រូវបានប្រើប្រាស់ ដើម្បីកសាងអ៊ុយក្រែនឡើងវិញ។ តំណាងមកពីប្រទេសដែលចូលរួម ត្រូវបានគេរំពឹងថា នឹងប្រកាសផែនការគាំទ្ររបស់ពួកគេ នៅពេលដែលសន្និសីទបញ្ចប់នៅថ្ងៃអង្គារ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






