អន្តរជាតិ

ប្រទេសចិនច្រានចោលការចោទប្រកាន់របស់អង្គការណាសា ដែលថាខ្លួននឹងកាន់កាប់ឋានព្រះច័ន្ទម្នាក់ឯង

BY
autoadmin
July 5, 2022

ប្រទេសចិនកាលពីថ្ងៃច័ន្ទបានច្រានចោលការព្រមានពីប្រធានអង្គការណាសា ដែលបានចោទថា ប្រទេសចិនអាចនឹង «កាន់កាប់» លើឋានព្រះច័ន្ទដើម្បីជាផ្នែកមួយនៃកម្មវិធីយោធារបស់ខ្លួន។ យ៉ាងណា ប្រទេសចិនបាននិយាយថា ខ្លួនតែងតែអំពាវនាវឱ្យមានការកសាងសហគមន៍អន្តរជាតិ នៅក្នុងការសិក្សាពីអវកាសខាងក្រៅ។ ជម្រាបដែរថា ប្រទេស​ចិន​បាន​បង្កើន​ល្បឿន​នៃ​កម្មវិធី​អវកាស​របស់​ខ្លួន ​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​ផ្តោត​ជា​សំខាន់លើការ​រុករក​ព្រះច័ន្ទ​។ ប្រទេសចិនបានធ្វើការចុះចតលើឋានព្រះចន្ទ ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៣ ហើយរំពឹងថា នឹងបាញ់បង្ហោះរ៉ុក្កែតដែលមានថាមពលគ្រប់គ្រាន់ ដើម្បីបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទនៅចុងទសវត្សរ៍នេះ។

រំលឹកដែរថា អ្នកគ្រប់គ្រងអង្គការណាសា លោក Bill Nelson បានប្រាប់កាសែតអាល្លឺម៉ង់ Bild ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា៖«យើងត្រូវតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលប្រទេសចិនកំពុងចុះចតនៅលើឋានព្រះច័ន្ទ ហើយ[ចិន]នឹងនិយាយថា វាជារបស់យើងឥឡូវនេះ ហើយអ្នកគួរចេញពីទីនេះ »។ ប្រធានទីភ្នាក់ងារអវកាសអាមេរិកបាននិយាយថា កម្មវិធីអវកាសរបស់ចិនគឺជាកម្មវិធីយោធា ហើយថាចិនបានលួចគំនិត និងបច្ចេកវិទ្យាពីអ្នកដទៃ។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា៖ «នេះមិនមែនជាលើកទីមួយទេ ដែលប្រធានរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាមេរិក មិនអើពើនឹងការពិត និងនិយាយដោយមិនទទួលខុសត្រូវអំពីប្រទេសចិន។ ភាគីអាមេរិកបានបង្កើតយុទ្ធនាការលាបពណ៌ជានិច្ចប្រឆាំងនឹងការខិតខំប្រឹងប្រែងលំហអាកាសធម្មតា និងសមហេតុផលរបស់ចិន ហើយចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដែលមិនទទួលខុសត្រូវបែបនេះ»។ លោកបាននិយាយថា ប្រទេសចិនតែងតែជំរុញការកសាងអនាគតរួមគ្នា សម្រាប់មនុស្សជាតិនៅក្នុងលំហអាកាស ហើយប្រឆាំងនឹងការបំពាក់អាវុធ និងការប្រណាំងសព្វាវុធណាមួយនៅក្នុងលំហ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: