សយហួស! បុរសប្រេស៊ីលម្នាក់ប្រឈមនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យជាប្រាក់ជាង ៦៦ ម៉ឺនដុល្លារ នៅប្រទេសឥណ្ឌូនេស៊ី ដោយសារបានទិញកញ្ឆាដាក់តាមខ្លួនពីប្រទេសថៃ
- BY
- autoadmin
- July 5, 2022
បុរសជនជាតិប្រេស៊ីលម្នាក់ត្រូវបានចាប់ខ្លួន នៅពេលគាត់មកដល់អាកាសយានដ្ឋានកោះបាលីកាលពីសប្តាហ៍មុន ដោយសារគាត់បានដាក់កញ្ឆាតាមខ្លួនចំនួន ៩.១ ក្រាម ដែលផ្ទុយនឹងច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី។ គាត់បានសារភាពថា គាត់បានទិញកញ្ឆានៅប្រទេសថៃ ដែលនៅទីនោះមានច្បាប់លើកលែងចំពោះកញ្ឆានាពេលថ្មីៗនេះ ប៉ុន្តែគាត់មិនបានដឹងថា ឥណ្ឌូណេស៊ីនៅតែអនុវត្តទោសទណ្ឌធ្ងន់ធ្ងរចំពោះការកាន់កាប់វានោះទេ។ បុរសម្នាក់នោះត្រូវបានគេដឹងថា ជានិស្សិតដែលមានអាយុ ២៥ឆ្នាំ ដោយបានកាន់អត្តសញ្ញាណមានឈ្មោះជាអក្សរកាត់ថា ASG និងត្រូវបានចាប់ខ្លួននៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai កាលពីថ្ងៃអង្គារសប្តាហ៍មុន។

លោក ASG បានហោះហើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី តាមជើងហោះហើរ AirAsia ពីទីក្រុង Kuala Lumpur នៅម៉ោងប្រហែល ៨ យប់ ហើយគាត់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរព្រលានយន្តហោះមានការសង្ស័យ នៅពេលដែលវ៉ាលីរបស់គាត់ឆ្លងកាត់ម៉ាស៊ីន X-ray ។ ចំណែកកញ្ចប់កញ្ឆានោះ គឺច្រកក្រោមស្លាក «SUPERMAO» ដែលមានន័យថា Super high នៅក្នុងភាសាថៃ។ លោក ASG ត្រូវបានចោទប្រកាន់ពីបទនាំចូល និងកាន់កាប់គ្រឿងញៀនខុសច្បាប់កម្រិតទី១ ដែលរួមមានកញ្ឆា ក្រោមច្បាប់គ្រឿងញៀនរបស់ឥណ្ឌូនេស៊ី។ គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ និងបង់ប្រាក់ពិន័យរហូតដល់ ៦៦៧,០២២ ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Coconuts
- Share This Post:






