អាមេរិកបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៦គ្រឿង ទៅកូរ៉េខាងត្បូង ដើម្បីកម្ដៅសាច់ដុំបង្អួតទៅកូរ៉េខាងជើង
- BY
- autoadmin
- July 6, 2022
យន្តហោះចម្បាំងបំបាំងកាយ F-35A របស់កងទ័ពអាកាសអាមេរិក បានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ នៅក្នុងដំណើរទស្សនកិច្ច ដែលបានប្រកាសជាសាធារណៈជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលសម្ព័ន្ធមិត្តទាំង ២ និងកូរ៉េខាងជើង កំពុងបង្អួតគ្នាទៅវិញទៅមកនូវអាវុធទំនើបៗរបស់ខ្លួន។ សមយុទ្ធយោធារួមគ្នារវាងកូរ៉េខាត្បូង និងអាមេរិក ត្រូវបានខកខានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលើកទី១ គឺនៅក្នុងឆ្នាំ២០១៨ នៅពេលសម្ព័ន្ធមិត្តទាំង ២ ខិតខំប្រឹងប្រែងក្នុងការធ្វើទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង និងក្រោយមកទៀត គឺដោយសារជំងឺរាតត្បាត COVID-19។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ F-35A ចំនួន ៦ នឹងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ១០ថ្ងៃ។ ក្រសួងបាននិយាយថា៖«គោលបំណងនៃការដាក់ពង្រាយនេះ គឺដើម្បីបង្ហាញពីការរារាំងដ៏ខ្លាំងក្លា និងជំហរការពាររួមគ្នានៃសម្ព័ន្ធភាពសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ស្របពេលជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការ រវាងកងទ័ពអាកាសកូរ៉េខាងត្បូង និងកងទ័ពអាកាសសហរដ្ឋអាមេរិក»។ កងកម្លាំងអាមេរិកកូរ៉េ (USFK) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះទាំងនេះ ត្រូវបាននាំយកពីមូលដ្ឋានទ័ពអាកាស Eielson ក្នុងរដ្ឋអាឡាស្កា។
អ្នកនាំពាក្យ USFK បាននិយាយថា វាគឺជាការដាក់ពង្រាយជាសាធារណៈជាលើកដំបូងនៃយន្តហោះចម្បាំងជំនាន់ទី៥ របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧មក ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា តើនឹងមានដំណើរទស្សនកិច្ចដោយមិនគ្រោងទុកជាមុនណាផ្សេងទៀត ឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail
- Share This Post:






