ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Antony Blinken ត្រៀមពិភាក្សាអំពីទំនាក់ទំនងអ៊ុយក្រែនដោយស្មោះត្រង់ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi

    BY autoadmin July 6, 2022
    លោក Antony Blinken ត្រៀមពិភាក្សាអំពីទំនាក់ទំនងអ៊ុយក្រែនដោយស្មោះត្រង់ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi

    រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken គ្រោងនឹងជួបសមភាគីចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលីក្នុងសប្តាហ៍នេះ សម្រាប់ «ការជជែកដោយស្មោះត្រង់» ស្តីពីការឆ្លើយតបរបស់ទីក្រុងប៉េកាំង ចំពោះស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន។ ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Dan Kritenbrink បាននិយាយតាមទូរស័ព្ទ​ជាមួយ​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារថា អាទិភាពកំពូលសម្រាប់កិច្ចប្រជុំរវាងលោក Blinken និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi គឺដើម្បី «គូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់យើង ចំពោះទំនាក់ទំនងការទូតដ៏ខ្លាំងក្លា និងការរក្សាបាននូវទំនាក់ទំនងបើកចំហរ ជាមួយសាធារណៈរដ្ឋប្រជាមានិតចិន»។

    កាលពីសប្តាហ៍មុន ប្រទេសចិនជាលើកដំបូងត្រូវបានដាក់ចូលនៅក្នុង «គំនិតយុទ្ធសាស្ត្រ» របស់អង្គការណាតូ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរបស់ប្លុក នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។ ឯកសារនេះបង្ហាញពីបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកកំពុងប្រឈម ខណៈដែលកំពុងគូសបញ្ជាក់អំពីសកម្មភាព មហិច្ឆតា និង «គោលនយោបាយបង្ខិតបង្ខំ» របស់ប្រទេសចិន ដែលបានប្រកួតប្រជែងនឹងគំនិត សន្តិសុខ និងតម្លៃរបស់សម្ព័ន្ធមិត្ត។

    ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីក្រុមសេដ្ឋកិច្ចប្រជាធិបតេយ្យសំខាន់ៗទាំង៧ (G7) មានភាពតឹងតែងពាក់ព័ន្ធនឹងប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់របស់ពួកគេ ដែលបានចេញផ្សាយប៉ុន្មានថ្ងៃ បន្ទាប់ពីការចាប់ផ្តើមផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រឆាំងនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: