ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិន បិទទីក្រុងមួយដែលមានប្រជាជនជាង ១៣លាននាក់ រយៈពេល ៧ថ្ងៃ ក្រោយរកឃើញករណីឆ្លង អូមីក្រុង BA.5.2 ជាលើកដំបូង

    BY autoadmin July 7, 2022
    ប្រទេសចិន បិទទីក្រុងមួយដែលមានប្រជាជនជាង ១៣លាននាក់ រយៈពេល ៧ថ្ងៃ ក្រោយរកឃើញករណីឆ្លង អូមីក្រុង BA.5.2 ជាលើកដំបូង

    កាលពីថ្ងៃទី០៦ ខែកក្កដា សារព័ត៌មាន CNN បានរាយការណ៍ថា ទីក្រុង Xi’an ដែលមានប្រជាជនចំនួន ១៣លាននាក់នៅក្នុងខេត្ត Shaanxi ភាគកណ្តាលប្រទេសចិន នឹងត្រូវបិទទ្វារតាមតំបន់មួយចំនួនរយៈពេលប្រាំពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ ទី០៦ ខែកក្កដាតទៅ បន្ទាប់ពីមានការរាយការណ៍ជាលើកដំបូងនៃករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ omicron BA.5.2។

    ​បើ​តាម​មន្ត្រី​គ្រប់គ្រង​ជំងឺ​ក្នុង​តំបន់នៃទីក្រុង Xi’an មានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ Omicron BA.5.2 ដែលត្រូវបានបញ្ជាក់ចំនួន ១៨ករណីកាលពីថ្ងៃសៅរ៍ ទី០២ ខែកក្កដា ដល់ថ្ងៃច័ន្ទ ទី០៤ ខែកក្កដា។ នេះជាលើកទីមួយនៃការផ្ទុះឡើងវិញ ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុង Xi’an ដែលជាកន្លែងមួយក្នុងចំណោមកន្លែងចុងក្រោយបំផុតនៅលើពិភពលោកដែលនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ “សូន្យកូវីដ” ដ៏តឹងរឹង។

    អ្នកស្រាវជ្រាវបានកំណត់អត្តសញ្ញាណ BA.5.2 ជាប្រភេទរងនៃ BA.5 ដែលបានរីករាលដាលរួចហើយនៅក្នុងសហរដ្ឋអាមេរិក ហើយប្រភេទនេះ គឺខ្លាំងជាងអង់ទីករ សម្រាប់អ្នកដែលធ្លាប់កើតកូវីដ-១៩ ពីមុន ក៏ដូចជាអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ លោក Zhang Xuedong មន្ត្រីនៅទីក្រុង Xi’an បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ ទី៥ ខែកក្កដា ថា “វិធានការបណ្តោះអាសន្នរយៈពេលប្រាំពីរថ្ងៃ គឺសំដៅធ្វើឱ្យសង្គមមានភាពស្ងប់ស្ងាត់តាមដែលអាចធ្វើទៅបាន ព្រមទាំងកាត់បន្ថយការចល័ត ការផ្លាស់ទី… និងហានិភ័យនៃការឆ្លងមេរោគប្រភេទផ្សេងគ្នា”។

    គួរបញ្ជាក់ផងដែរថា ការរឹតបន្តឹង តម្រូវឱ្យកន្លែងកម្សាន្ត កន្លែងកីឡានិងវប្បធម៌ បារ រោងកុន កន្លែងហាត់ប្រាណ បណ្ណាល័យ សារមន្ទីរ និងកន្លែងផ្តល់សេវាកម្មនានា ត្រូវតែបិទទ្វារ។ ជាមួយគ្នានេះ ការទទួលទានអាហារក្នុងហាង និងការជួបជុំធំៗ រួ​មទាំងពិធីមង្គលកា ការប្រជុំ ត្រូវផ្អាកសេវាកម្មជាបណ្តោះអាសន្ន ខណៈ​កន្លែង​គោរព​បូជា និង​សកម្មភាព​សាសនា​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​បិទ និង​ប្រារព្ធ​ធ្វើដែរ។ មិនតែប៉ុណ្ណោះសាលាមត្តេយ្យ បឋមសិក្សា និងអនុវិទ្យាល័យ ក៏ត្រូវបានបញ្ជាឱ្យចាប់ផ្តើមថ្ងៃឈប់សម្រាករដូវក្តៅមុននេះ ដោយសារសាកលវិទ្យាល័យជាច្រើនត្រូវបានជូនដំណឹងអំពីការបិទបរិវេណសាលា និងអាជ្ញាធរបានប្រកាសពីការចាក់សោរនៅក្នុងសង្កាត់ចំនួនប្រាំបួនដែលត្រូវបានចាត់ថ្នាក់ជា “តំបន់ដែលមានហានិភ័យខ្ពស់” ដោយការហាមឃាត់អ្នកស្រុកមិនឱ្យចាកចេញពីសហគមន៍៕

    អត្ថបទ៖ Bee
    ប្រភព៖ khaosod

    Share This Post: