ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រចង់ប្រើវិធីម៉្យាង ដែលមានលំនាំដូចភ្នំភ្លើងផ្ទុះ ដើម្បីកាត់បន្ថយកម្តៅផែនដី

    BY autoadmin December 5, 2018
    អ្នកវិទ្យាសាស្ត្រចង់ប្រើវិធីម៉្យាង ដែលមានលំនាំដូចភ្នំភ្លើងផ្ទុះ ដើម្បីកាត់បន្ថយកម្តៅផែនដី

    ស្របពេល ដែលកម្តៅផែនដីកាន់តែកើនឡើង ហើយពិភពលោកកាន់តែអស់សង្ឃឹមក្នុងការរកដំណោះស្រាយនោះ ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានរកឃើញវិធីម៉្យាង ដែលពួកគេនឹងធ្វើតេស្តវានៅឆ្នាំក្រោយនេះ។ ក្រុមស្រាវជ្រាវបានរកឃើញវិធីម៉្យាង ដោយពួកគេនឹងធ្វើត្រាប់តាមភ្នំភ្លើងក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាកម្តៅនេះ។ គួរឱ្យដឹងផងដែរថា កាលពីមុនក៏ធ្លាប់ការធ្វើឱ្យចុះកម្តៅដោយប្លុកពន្លឺព្រះអាទិត្យចេញពីផែនដីម្តងដែរ តែពេលនេះអ្នកវិទ្យាសាស្ត្រនឹងមានវិធីថ្មីមួយទៀត។ ដូចដែលយើងធ្លាប់ដឹងហើយថា កំឡុងពេលមានភ្នំភ្លើងផ្ទុះ ស្ពាន់ធ័រឌីអុកស៊ីតចំនួន២០លានតោនត្រូវបានដុតហើយសាយភាយចូលទៅដល់រង្វង់ព្រះអាទិត្យ និងបង្កើតបានជាអ័ព្ទដែលធ្វើឱ្យចុះកម្តៅផែនដីបាន០.៥អង្សាសេក្នុងរយៈពេល១៨ខែ មុនពេលដែលវាផ្លាស់ប្តូរទៅកម្តៅចាស់វិញ។

    យ៉ាងណាមិញអ្នកវិទ្យាសាស្ត្រគ្រោងនឹងធ្វើតេស្តវិធីដែលដូចទៅនឹងការផ្ទុះភ្នំភ្លើងនេះដែរ ដោយពួកគេនឹងបង្ហោះបាឡុងកម្ពស់១២ម៉ៃល៍ពីផែនដី ដើម្បីបាញ់ថ្នាំគីមីម៉្យាងទៅលើបរិយាកាសប្រហែលមួយគីឡូម៉ែត្រក្នុងបំណងប្លុកកាំរស្មីព្រះអាទិត្យចេញពីភពផែនដី។ អ្នកវិទ្យាសាស្ត្រក៏បានបន្ថែមផងដែរថា ប្រសិនបើយើងធ្វើប្រតិបត្តិការណ៍នេះជាលក្ខណទ្រង់ទ្រាយធំ វានឹងមានប្រសិទ្ធភាពដល់ការកាត់បន្ថយបញ្ហាទឹកកករលាយ និងការប្រែប្រួលអាកាសធាតុទាំងមូលបានរយៈពេលវែងផងដែរ។ ទោះជាយ៉ាងណាក៏ដោយជាមួយនឹងឥទ្ធិពលដ៏អាក្រក់ទៅលើស្រទាប់អូហ្សូន និងលក្ខខណ្ឌអាកាសធាតុនៅមិនទាន់អាចឱ្យអ្នកវិទ្យាសាស្ត្រដឹងច្បាស់នៅឡើយ ហើយពួកគេកំពុងឱ្យមានការពិសោធន៍យ៉ាងប្រុងប្រយ័ត្នមុនពេលវាត្រូវបានយកមកអនុវត្តជាក់ស្តែង៕

    អត្ថបទ៖ លីដា
    ប្រភព៖ independent

    Share This Post: