មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក៖ អនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង BA.4 និង BA.5 កំពុងចូលរួមចំណែក ៧០% នៃករណីថ្មីៗជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក
- BY
- autoadmin
- July 7, 2022
អនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង BA.4 ឬ BA.5 របស់ជំងឺ COVID-19 ឥឡូវនេះត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៧០% នៃករណីថ្មីៗនៅក្នុងសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានចេញផ្សាយរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួន គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ដោយបានប៉ាន់ប្រមាណថា BA.5 ឥឡូវនេះទទួលខុសត្រូវចំពោះករណីថ្មីចំនួន ៥៣.៦% នៅទូទាំងប្រទេស ខណៈដែល BA.4 មានចំនួន ១៦.៥ %។ ចំនួនករណីជំងឺ COVID-19 ទាក់ទងនឹងអនុទម្រង់ទាំង ២ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១ខែ កន្លងមកនេះ ពីចំនួនត្រឹមតែ ១៥.៧% ដែលបានកត់ត្រាកាលពីខែមុន។

ចំនួនសរុបប្រចាំខែនៃករណីជំងឺ COVID-19 ថ្មីៗ បានធ្លាក់ចុះនៅប្រហែល ១០០,០០០ ករណី ចាប់តាំងពីពាក់កណ្តាលខែឧសភា ប៉ុន្តែ CDC បានជឿថា ចំនួនពិតប្រាកដអាចមានច្រើនជាងនេះ។ គិតត្រឹមថ្ងៃអាទិត្យ ចំនួននៃការព្យាបាលនៅមន្ទីរពេទ្យថ្មីៗប្រចាំសប្ដាហ៍ បានកើនឡើងប្រហែល ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីខែមុន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏កំពុងរៀបចំខ្លួនសម្រាប់រលកថ្មីដែលអាចកើតមាន ដែលនឹងចាប់ផ្តើមនៅដើមរដូវស្លឹកឈើជ្រុះនេះ។ ខ្លួនក៏បានណែនាំថា ក្រុមហ៊ុនផលិតឱសថគួរធ្វើបច្ចុប្បន្នភាពផ្ដោតលើ BA.4 និង BA.5 នៅក្នុងដូសជំរុញរបស់ពួកគេ។ ខ្លួនក៏កំពុងអំពាវនាវដល់មនុស្សដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ឱ្យទទួលបានការទទួលយកដូសទី៤ របស់ពួកគេផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ US News
- Share This Post:






