អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយគ្មានសញ្ញារស់រានមានជីវិតនោះទេ
- BY
- autoadmin
- July 8, 2022
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo (អាបេ ស៊ីនហ្សូ) ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដោយគ្មានសញ្ញារស់រាននោះទេ បន្ទាប់ពីគាត់ត្រូវបានគេលបបាញ់នៅតាមផ្លូវ នៅក្នុងខេត្ត Nara ភាគខាងលិច។ ប៉ូលីសបានចាប់ខ្លួនជនសង្ស័យឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ ដែលជាពលរដ្ឋរស់នៅខេត្ត Nara ផ្ទាល់តែម្ដង នៅក្រោមបទប៉ុនប៉ងធ្វើមនុស្សឃាត ហើយប្រភពស៊ើបអង្កេតបានប្រាប់ទូរទស្សន៍ NHK ថា កាំភ្លើងដែលរឹបអូសបាននៅកន្លែងគឺជាកាំភ្លើងច្នៃ។

មិនមានការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតអំពីស្ថានភាពរបស់លោក អាបេ នោះទេ ប៉ុន្តែមន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា គាត់មិនមានសញ្ញារស់រានមានជីវិតឡើយ។ អ្នកយកព័ត៌មាននៅកន្លែងកើតហេតុ បានឮការបាញ់ប្រហារចំនួន ២ នៅម៉ោងប្រហែល ១១:៣០ ព្រឹក ភ្លាមៗបន្ទាប់ពីលោក អាបេ បានចាប់ផ្តើមនិយាយ។ ជម្រាបដែរថា លោក អាបេ គាត់ស្ថិតនៅក្នុងទីក្រុង Nara ដើម្បីគាំទ្របេក្ខភាព ក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅចុងសប្តាហ៍នេះ។ ការិយាល័យគណបក្សប្រជាធិបតេយ្យសេរីក្នុងតំបន់ និយាយថា ការបង្ហាញខ្លួនរបស់លោក អាបេ ត្រូវបានសម្រេចកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយព័ត៌មានលម្អិតទាំងនោះត្រូវបានផ្សព្វផ្សាយដល់អ្នកគាំទ្រ៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






